ភ្នំពេញ ៖ ក្នុងឱកាសបិទ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នាថ្ងៃចន្ទ ទី៣ ខែឧសភា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពសាធារណៈ ជាពិសេសសុខភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស និស្សិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានសម្រេចដ៏ខ្ពង់ខ្ពស់ និងជំរុញឱ្យមានយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យា នៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន នៅទូទាំងប្រទេស ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមចំណែក ក្នុងយុទ្ធនាការនេះប្រកបដោយជោគជ័យ។
នៅក្នុងឱកាសនោះ លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួម ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យTYDA និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលារបស់ខ្លួន គ្រួសារ ដើម្បីចូលរួមបំបេញបេសកម្មមួយនេះ ប្រកបដោយទឹកចិត្តស្មោះសរ សាមគ្គីភាព និងសប្បុរសធម៌ គឺជាសមានចិត្តដ៏មានតម្លៃជ្រាលជ្រៅ មិនអាចកាត់ថ្លៃបាន។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទៅដល់លោក គ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន ដោយបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានដោយរលូន និងប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ ក្នុងគោលដៅធានាសុខភាព សុខមាលភាព សុវត្ថិភាព របស់ប្រជាពលរដ្ឋដោយជោគជ័យ៕












