ព័ត៌មានជាតិ

គ.ជ.ប ទទួលស្គាល់ គណបក្ស៣ សម្រាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ

ភ្នំពេញ ៖ គណៈកម្មការរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការ ចំពោះការចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត ចំនួន៣គណបក្ស គឺគណបក្ស ប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្ស យុវជនកម្ពុជា ។

តាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប បានឲ្យដឹងថា ថ្ងៃទី១០ ឧសភា គឺជាថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្ស នយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បី ជ្រើសរើសក្រុមប្រឹក្សា ក្រុងបូកគោ នៃខេត្តកំពត។

គ.ជ.ប បន្ដថា ក្នុងរយៈពេល៥ថ្ងៃ នៃការដាក់ពាក្យសុំចុះបញ្ជីនេះ គណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពត បានទទួលពាក្យសុំ ពីគណបក្សនយោបាយ ចំនួន៤ ដែលបានដាក់ពាក្យសុំចូលរួមប្រកួត ប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ៖ ទី១-គណបក្សប្រជាជនកម្ពុជា ,ទី២-គណបក្សសញ្ជាតិកម្ពុជា ,ទី៣-គណបក្សយុវជនកម្ពុជា និងទី៤-គណបក្សហ៊្វុនស៊ិនប៉ិច ។

គ.ជ.ប បញ្ជាក់ថា «គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការ ចំពោះការចុះបញ្ជី គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោ តជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ចំនួន៣ គណបក្ស គឺគណបក្ស ប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សយុវជនកម្ពុជា»

ដោយឡែកសម្រាប់ គណបក្សហ៊្វុនស៊ិនប៉ិច គណៈកម្មការរៀបចំ ការបោះឆ្នោតខេត្តកំពត នឹងពិនិត្យ សម្រេចលើពាក្យ សុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំចុះបញ្ជី .។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងបូកគោ ក្នុងទឹកដីខេត្តកំពត​ ។ ក្រុងបូកគោថ្មីនេះ មានសង្កាត់៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត ៕

To Top