ព័ត៌មានជាតិ

យោធា៖ គ្រាប់រ៉ុក្កែតចំនួន០៣គ្រាប់ ផ្លោងពីស៊ីរី ចូលក្នុងទឹកដី អ៊ីស្រាអ៊ែល

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ថា យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា គ្រាប់រ៉ុក្កែតចំនួន០៣គ្រាប់ បានបាញ់ចេញកាលពីយប់ថ្ងៃសុក្រ ពីទឹកដីស៊ីរី ចូលមកក្នុងទឹកដីភាគខាងជើងនៃប្រទេសអ៊ីស្រាអ៊ែល ។

អ្នកនាំពាក្យយោធាអ៊ីស្រាអ៊ែលមួយរូបបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “មានការបាញ់ផ្លោងចំនួន០៣គ្រាប់ត្រូវបានបញ្ជាក់អត្តសញ្ញាណពីទឹកដីស៊ីរី ចូលទឹកដីអ៊ីស្រាអ៊ែល” ។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែតមួយគ្រាប់បានធ្លាក់ភ្លាមៗក្រោយពីបាញ់ចេញពីស៊ីរី និង០២គ្រាប់ផ្សេងទៀត បានធ្លាក់ចូលទីវាល មិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬខូចខាតអ្វីនោះទេ ។

ឧប្បត្តិហេតុនេះបានកើតឡើង ខណៈដែលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្គាហ្សា ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយការប្រយុទ្ធគ្នាគិតមកដល់ពេលនេះមានរយៈពេល៥ថ្ងៃហើយ ដែលបានបណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១២២នាក់ ដែលជាជនជាតិប៉ាឡេស្ទីន និង០៩នាក់ជាជាតិអ៊ីស្រាអ៊ែល ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top