ព័ត៌មានជាតិ

ប៉ូលីសបាញ់ឆ្កែ៣គ្រាប់ ដោយសារខឹងម្ចាស់ មិនហាមឆ្កែ កំពុងត្រូវបានសួរនាំ និង ដកហូតកាំភ្លើងទុក

ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក អ៊ុន សំអាត មន្រ្តីនៅការិយាល័យបច្ចេកទេស និង វិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ដែលបានដកកាំភ្លើងបាញ់ឆ្កែ ចំនួន៣គ្រាប់ ដោយសារខឹងព្រុស ព្រោះតែម្ចាស់ មិនហាមឃាត់ឆ្កែនោះ កំពុងត្រូវបានសួរនាំ រួមជាកាំភ្លើងខ្លី១ដើម ក៏ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេច ពីក្រុមប្រឹក្សាអនុវត្តវិន័យ ។ នេះបើយោងតាមការផ្សាយ របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល។

ក្រោយមានការផ្សព្វផ្សាយ អំពីករណីប៉ូលីសបាញ់ឆ្កែនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានចាត់ឲ្យផែនការងារ ធនធានមនុស្ស ដែលមានការិយាល័យបុគ្គលិក ជាសេនាធិការ បានចុះស្រាវជ្រាវ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ។

ផ្អែកតាមការចុះស្រាវជ្រាវ របស់ការិយាល័យបុគ្គលិក និងផ្អែកតាមកំណត់ហេតុ របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក អ៊ុន សំអាត អត្តលេខ ៦៥១៤៤ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ពិតជាបានប្រើប្រាស់កាំភ្លើងខ្លី១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA លេខ J59931 FH មានគ្រាប់ជ័រពណ៌សតូចៗ ៨គ្រាប់ បាញ់អស់៣គ្រាប់ នៅសល់៥គ្រាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី ។

ផ្ទាំងពាណិជ្ជកម្ម

តាមការបំភ្លឺ ពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា កាលពីថ្ងៃ១៦ ឧសភា ឆ្នាំ លោកបាននាំប្រពន្ធ និងកូនទៅលេងផ្ទះម្តាយបង្កើត នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯង គោលបំណងទៅយកក្មួយ មកញាំនំនៅផ្ទះម្តាយ លុះពេលជិះដល់ មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែពីរក្បាលរត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុត លោកក៏ជិះម៉ូតូទៅផុតទៅ។

លោកថា មួយសន្ទុះក្រោយមកលោកជិះម៉ូតូមកវិញ ដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើង លោកម្តងទៀត តែមិនមុតដោយសារពាក់ស្បែកជើងឃ្លុប ។ ពេលនោះលោកបានស្រែកតែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹងបានជិះម៉ូតូ ទៅយកកាំភ្លើងខ្លីប្រើខ្យល់ បាញ់គ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀត ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួនបីគ្រាប់ តែមិនត្រូវទេ៕

To Top
×