ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ​ ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង ជាច្រើនកន្លែង ក្នុងខណ្ឌ៣ ដើម្បីពង្រឹងនិងពន្លឿនការចាក់

ភ្នំពេញ ៖ ដើម្បីពង្រឹង និងពន្លឿននៃការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតាមគោលដៅនៃការចាក់វ៉ាក់ តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺ-១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្ថានភាព នៅតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅទូទាំងរាជធានី ។

លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះពិនិត្យទីតាំងនៅខណ្ឌមានជ័យ ខណ្ឌដង្កោដង្កោ និងខណ្ឌសែនសុខ ។ ការចុះពិនិត្យ ទីតាំងជាច្រើនកន្លែង ពេញមួយព្រឹកនៅក្នុងខណ្ឌខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអាជ្ញាធរខណ្ឌទាំងអស់ ស្រង់បញ្ជីឈ្មោះ ច្បាស់លាស់ ពិសេសការស្រង់ស្ថិតិ កម្មករ កម្មការិនី ដែលត្រូវមកចាក់វ៉ាក់សាំង ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងទិន្នន័យ និងបានឆាប់បញ្ចប់ តាមការគ្រោងទុក សម្រាប់អ្នករស់នៅភ្នំពេញ។

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំទៅអាជ្ញាធរ ក៏ដូចជាក្រុមការងារដែលបាននិងកំពុងអនុវត្តន៍លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំប្រជាពលរដ្ឋ និងកម្មករ កម្មការិនី រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឲ្យបានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា ចាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី១៧ ឧសភា ២០២១នេះ តាមរបាយការណ៍ របស់ក្រសួង ការពារជាតិ និងក្រសួងសុខាភិបាល បានបង្ហាញថា មានពលរដ្ឋចំនួន ៧០៧,៥៧២នាក់ បានទទួលការចាក់វ៉ាក់សាំង និងសរុបនៅទូទាំងប្រទេស ជាង២លាននាក់ហើយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×