ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ កសិករ ផ្នែកវារីវប្បកម្ម ផ្ញើរជូនជនមួយក្ដាប់តូច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន

សារសង្ខេបរបស់កសិករ ផ្នែកវារីវប្បកម្ម ជូនជនមួយក្ដាប់តូច ដែលមិនទាន់បានស្គាល់ និងដឹងពី ផ្នែកវារីវប្បកម្ម ហើយបែរជាបកស្រាយថា បើអត់មានយួន ខ្មែរនឹងអត់ត្រីហូប មិនខាន។

ក្នុងនាម ជាកសិករចិញ្ចឹមត្រីម្នាក់ ដែលមានបទពិសោធន៍ ចិញ្ចឹមត្រីរាប់លានក្បាល លើសប្រាំឆ្នាំ ធ្លាប់ទៅមើលកសិដ្ឋានចិញ្ចឹមត្រី សត្វទឹកសាបនឹងទឺកប្រៃធំៗនៅបរទេស ជាច្រើនកន្លែង ធ្លាប់រៀនបច្ចេកទាក់ទង នឹងវារីវប្បកម្ម ធ្លាប់រៀនពីផលិតកម្ម ចំណីសត្វ ធ្លាប់រៀនពីទឹក ដី។​ល។​

ខ្ញុំសូមជំរាបថា កសិករខ្មែរ មានសមត្ថភាព ចិញ្ចឹមត្រី និងសត្វទឹកដូចជា ក្តាម កង្កែប បង្កង បង្គា កន្ធាយ​ អណ្ដើក អន្ទង់។ល។ រួមទាំង ការផលិតពូជត្រីផងដែរ បានយ៉ាងច្រើន ប្រសិនបើមានការគាំទ្រ និងជ្រោមជ្រែងត្រឹមត្រូវ ពីក្រសួងពាក់ព័ន្ធ។

ខ្ញុំសូមបញ្ជាក់ថា បច្ចេកទេស ផលិតផ្នែកវារីវប្បកម្ម របស់កសិករខ្មែរ គឺមិនចាញ់វៀតណាម (យួន) នោះទេ តែដោយសារខ្វះការជ្រោមជ្រែង ពីផ្នែកពាក់ព័ន្ធ ទើបនាំអោយមានការអវិឌ្ឍផ្នែកនេះ ដើរយឺតបំផុត ស្ទើរតែមិនអាចទៅមុខបាន។​

តើមានមូលហេតុអ្វី ទើបការអភិវឌ្ឍ របស់វិស័យនេះដើរយឺត?​

១. ត្រី និងសត្វទឹក ត្រូវផ្គត់ផ្គង់ទីផ្សារកម្ពុជា មានរយៈពេលយូរ៖

ត្រី និងសត្វទឹក​ របស់វៀតណាម(យួន) បានផ្គត់ផ្គង់ទីផ្សារ​ នៅកម្ពុជា យូរណាស់មកហើយ បានន័យថា បណ្តាញចែកចាយត្រី និងសត្វទឹក របស់វៀតណាម(យួ​ន) នៅស្រុកខ្មែររឹងមាំល្អ ដែលធ្វើឱ្យកសិករខ្មែរ ពិសេសផ្នែកចិញ្ចឹមត្រី ឬសត្វទឹកនានា មានទីផ្សារចង្អៀតដើម្បីលក់ផលិតផល របស់ខ្លួន រួមទាំងការពង្រីក ឱ្យធំក៏កាន់តែពិបាក។​

២.មិនមាន ការវិនិយោគខ្នាតធំ៖

ដោយមិនទាន់មាន ក្រុមហ៊ុនធំក្នុងស្រុក ឬបរទេសឡើយ នាពេលកន្លងមក និងបច្ចុប្បន្ន បានន័យថា កសិករចិញ្ចឹមត្រី ឬសត្វទឹក មានទុនតិច ក្នុងការពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួន ឱ្យរីកធំ ទៅបានដោយលំបាក ព្រោះតែធនាគារ បានផ្តល់ប្រាក់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់​ (ធនាគារ នៅខ្វះគោលនយោបាយ ការលើកទឹកចិត្តផ្នែកនេះនៅឡើយ)។​

៣. ចំណីត្រីក្នុងស្រុក មានតម្លៃខ្ពស់៖

នៅពេលក្រសួងកសិកម្ម ប្រកាសផ្អាកការនាំចូលត្រី ពីវៀតណាម​(យួន) កាលពីដើមខែមករាកន្លងមក ខណៈដែលការនាំត្រីពី វៀតណាម(យួន) នៅតែនាំចូលជាធម្មតានោះ រោងចក្រផលិតចំណីត្រី និងការនាំចូលចំណីត្រី ហាក់ដឹកដៃគ្នាឡើងថ្លៃ ជាបន្តបន្ទាប់ ដោយតម្លៃចាប់ពី៣០ទៅ៥០ដុល្លា ក្នុងមួយតោន ទៅវិញ។​

៤. ការត្រួតពិនិត្យ គុណភាពត្រី នាំចូលនូវមានកម្រិត៖

ត្រីនាំចូលពីវៀតណាម​ (យួន) មានការត្រួតពិនិត្យ គុណភាពឱ្យបានត្រឹមត្រូវ តាមស្ដង់ដា របស់ក្រសួងពាណិជ្ជកម្ម នោះឡើយ។ លក្ខខណ្ឌនេះ បានបង្ករលក្ខណៈងាយស្រួល ដល់វៀតណាម ​(យួន) អាចចិញ្ចឹមត្រី ឱ្យតែបានធំឆាប់ (ឱ្យចំណីខុសបច្ចេកទេស ដោយឱ្យស៊ីកាកសំណល់ ប្រើថ្នាំគីមីលើសកំរិត ប្រើថ្នាំអង់ទីប៊ីយ៉ូទិច និងអរ័ម៉ូន ជាដើម) ដើម្បីបានឆាប់លក់ ដោយមិនបានគិតពីគុណភាពនោះឡើយ។ ប្រការនេះ ហើយដែលបង្កឱ្យតម្លៃដើម​ (ថ្លៃចំណាយ) របស់វៀតណាម ​(យួន) ទាបជាង តម្លៃដើមនៅកម្ពុជា។​

៥. ការប្រកួត ប្រជែងមិនស្មោះត្រង់​ (នាំចូលគេចពន្ធ)​៖

ដោយសារតែការនាំត្រី ចូលមិនបានបង់ពន្ធពេញ​ (នាំត្រីចូលដោយគេចពន្ធ)  គឺបណ្ដាលឱ្យប្រាក់ចំណូល រដ្ឋខាតបង់ និងទីផ្សារត្រី ក្នុងស្រុក មិនអាចប្រកួតប្រជែង ជាមួយត្រីនាំចូលពីវៀតណាម ​(យួន)​ បានឡើយ។ ម្យ៉ាងទៀត ការមិនបង់ពន្ធ នៃការនាំចូលត្រីពីវៀតណាម (យួន) ឱ្យបានត្រឹមត្រូវនេះ ធ្វើឱ្យកសិករទាំងឡាយ តែងតែជួបការលំបាកដោយសារឈ្មួញ តែងតែទំលាក់តម្លៃ។ រឿងទាំងនេះវាផ្ទុយ ពីក្រសួងពាណិជ្ជកម្មវៀតណាម (យួន) ដែលដំឡើងពន្ធស្ករស នាំចូលពីថៃ ដើម្បីការពារផលិតកម្ម​ ក្នុងស្រុករបស់ខ្លួន។​ នេះបើយោងតាមសំដីឈ្មួញ នាំត្រីចូលម្នាក់ (តាមប្រពន្ធ័តេលេក្រាម) កាលពីខែធ្នូ ឆ្នាំ២០២០ ដែលមានវត្តមាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាគមត្រី នឹងអ្នកចិញ្ចឹមត្រី ជាច្រើន នៅក្នុងក្រុមផងដែរ។

៦. យុទ្ធសាស្ត្រផ្តួលរំលំដៃគូ៖

ក្រោយដឹងថា កសិករខ្មែរ ពិសេសផ្នែកវារីវប្បកម្ម អាចចញ្ចឹមត្រី និងសត្វទឹកអាចជួយផ្គត់ផ្តង់ទីផ្សារកម្ពុជា និងអាចកាត់បន្ថយការនាំចូលត្រីពីវៀតណាម (យួន) ផងនោះ ក្នុងរយៈពេលពីរឆ្នាំនេះ វៀតណាម (យួន) បានទំលាក់ថ្លៃត្រី របស់ខ្លួន មកនៅក្រោមថ្លៃដើមផលិតរបស់ខ្លួន ថែមទៀតផង បើទោះជាងដឹងថា អាចខាតខ្លះ តែមានការជ្រោមជ្រែង ពីរដ្ឋាភិបាលរបស់គេ ទើបគេអាចធ្វើបាន និងបន្តធ្វើ ក្នុងទិសដៅ ផ្តួលរំលំការផលិតរបស់កម្ពុជា ហើយទើបគេដំឡើងថ្លៃមកវិញ។

ម្យ៉ាងទៀត ការលក់ខាតក្នុងរយៈពេលខ្លះ អាចជាបញ្ហាតម្រូវការទីផ្សារ តែការទម្លាក់ថ្លៃក្នុងរយៈពេលវែង ជាយុទ្ធសាស្ត្រផ្តួលរំលំ សុទ្ធសាធ ដោយរងចាំដល់កសិករខ្មែរ ដួលរំលំអស់ ចាំពួកគេ (វៀតណាម)ឡើងថ្លៃស្រង់ដើមវិញ។ ដូច្នេះ អ្នកដែលរងគ្រោះ គឺកសិករខ្មែរ និងអ្នកទទួលទាន នៅស្រុកខ្មែរ។​

សរុបមក ខ្ញុំសូមបដិសេធ និងថ្កោលទោស ចំពោះការលើកឡើង របស់មន្ត្រីមួយចំនួន និងប្រជាជនខ្លះ ដែលថាខ្មែរមិនចេះចិញ្ចឹមត្រី បច្ចេកទេសខ្មែរ មិនដល់វៀតណាម (យួន) បច្ចេកទេសកសិករខ្មែរ នៅស្ទើរ ត្រូវចំណាយថ្លៃដើមខ្ពស់ ជាងវៀតណាម ឬស្នើឱ្យកសិករប្តូរមុខរបរជាដើម។​

ទាក់ទងនឹង ចំណុចដូចបានលើកឡើងខាងលើ ខ្ញុំស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពង្រឹងការយកពន្ធ ការនាំត្រីចូល និងពិនិត្យគុណភាពត្រី ឱ្យបានត្រឹមត្រូវ តាមបទដ្ឋាន ខ្ញុំគិតថា ត្រីខ្មែរ នឹងឡើងថ្លៃ និងអាចប្រកួតប្រជែង បានជាក់ជាមិនខាន។ ម្យ៉ាងទៀត ក្រោយពេលរដ្ឋាភិបាលខ្មែរ ពង្រឹងការយកពន្ធ និងពិនិត្យគុណភាពត្រី នាំចូលបានត្រឹមត្រូវហើយនោះ បើកសិករខ្មែរ នៅតែមិនអាចប្រកួតប្រជែង នឹងត្រីនាំចួលពីវៀតណាម (យួន)បានទេ កសិករខ្មែរ នឹងឈប់បន្ទោស មន្ត្រីខ្មែរ ជាក់ជាមិនខាន។ តែផ្ទុយទៅវិញ មិនត្រឹមតែមិនជួយជ្រោមជ្រែង មិនពង្រឹងការយកពន្ធ មិនពិនិត្យគុណភាពត្រីនាំចូលពីវៀតណាមផង ថែមទាំងចោទកសិករខ្មែរថា អត់ចេះបច្ចេកទេសចិញ្ចឹមត្រី ផលិតបានតិចតួច លក់ថ្លៃលើសទីផ្សារ និងត្រីនាំចូល ដោយសារតែចង់ ចំណេញច្រើន ហើយធ្វើឱ្យខាតបង់ និងក្ស័យធនទៅវិញ។

យើងខ្ញុំ ជាកសិករខ្មែរ សូមស្នើទៅអស់លោក មន្ត្រីដែលពាក់ព័ន្ធថា សូមនាំគ្នាគិត និងតម្កល់ផលប្រយោជន៍ខ្មែរជាធំ និងសុំកាត់បន្ថយ ការគិតជាផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួកឱ្យមកនៅទាប តាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្កើង ជាតិសាសន៍ខ្មែរ និងលើកទឹកចិត្ត កសិករខ្មែរ ឱ្យផលិត ដើម្បីប្រកួតប្រជែង នឹងបរទេសផងចុះ បើមិនដូច្នោះទេ ខ្មែរគ្មានថ្ងៃ ប្រសើរដូចគេប្រទេសជិតខាងឡើយ ឬខ្មែរនឹងហិនហោចនាពេលអនាគតមិនខាន៕

To Top