ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល តែងតាំងអ្នកនាំពាក្យ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានតែងតាំងអ្នកនាំពាក្យ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

តាមសេចក្ដីសម្រេចរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា សមាសភាព អ្នកនាំពាក្យ ដូចជា ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល ជាអ្នកនាំពាក្យទទួល បន្ទុកព័ត៌មានពាក់ព័ន្ធ នឹងវិស័យសុខាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ដោយឡែក លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកនាំពាក្យទទួលបន្ទុកព័ត៌មាន ផ្សេង ទៀត ជាអាទិ៍ ព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តវិធាន ការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង ព័ត៌មានទាក់ទង នឹងលទ្ធផលការងាររបស់ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានបញ្ជាក់ទៀតថា គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈប្រតិបត្តិនៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអនុគណៈកម្មការនានាចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្ត សេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

To Top