Covid-19

ក្រសួងសុខាភិបាល ប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវធានាឱ្យបាននូវប្រក្រតីភាព នៃការដឹកជញ្ជូនទំនិញ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្កីណែនាំ ដល់បណ្ដារាជធានី-ខេត្តទាំងអស់ អំពីការធានាឱ្យបាន នូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសការខកខាន ឬកកស្ទាំងអំឡុងពេលអនុវត្តបម្រាមគោចរនៅតាមភូមិសាស្ត្ររបស់ខ្លួន។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានថ្លែងថា ស្របតាមស្មារតី នៃសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ទាក់ទងនឹងការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ,ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមឃាត់ ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរ ដោយ អភិបាលរាជធានី-ខេត្ត ក្នុងអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងអំឡុងពេលនៃការអនុវត្តយុទ្ធនាការរយៈពេល ១៤ ថ្ងៃ របស់រាជរដ្ឋាភិបាល មិនត្រូវធ្វើឱ្យរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតានៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្ត នីមួយៗឡើយ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ផ្អែកតាមស្មារតីនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំបន្ថែមដល់ ឯកឧត្តម លោកជំទាវ ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ដែលជាអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត និងឯកឧត្តមប្រធានអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ (គ.អ.ក) ចំណុះឲ្យ គ.អ.ក. សូមធានាឲ្យ បាននូវប្រក្រតីភាពនៃការដឹកជញ្ជូនទំនិញនានា ដើម្បីបញ្ចៀសនូវការខកខាន ឬការរាំងស្ទះដល់ការដឹកជញ្ជូនវត្ថុធាតុ ដើមចូល ឬផលិតផលសម្រេចចេញពីតាមបណ្តារោងច្រកសីហគ្រាសនានា ក៏ដូចជាការដឹកជញ្ជូនទំនិញ និងគ្រឿងឧបភោគបរិភោគផ្សេងទៀតផងដែរ»៕

To Top