ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយឥណ្ឌា នៅថ្ងៃទី៤ សីហា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា ការឈានមុខរបស់ឥណ្ឌា ក្នុងវិស័យឱសថសាស្ត្រ បង្ហាញនូវឱកាសដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ រវាងប្រទេសជា សមាជិកអាស៊ាន និងឥណ្ឌា ។
ក្នុងកិច្ចប្រជុំនោះ អាស៊ាន បានស្វាគមន៍ ចំពោះការកំណត់យកឆ្នាំ២០២២ ជា «ឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា» និងសំណើ របស់ឥណ្ឌា សម្រាប់សេចក្តីប្រកាស រួមអាស៊ាន-ឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការលើទស្សនៈវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមនៃមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Oceans Initiative-IPOI) ។ ដើម្បីលើកកម្ពស់ការតភ្ជាប់តំបន់ អាស៊ានបានលើកទឹកចិត្ត ឱ្យមានការពង្រីកបន្ថែមទៀតនូវគម្រោង តភ្ជាប់រូបវ័ន្ត និងឌីជីថល រវាងអាស៊ាន និងឥណ្ឌា ហើយនិងរំពឹងដល់ការបញ្ចប់ ឱ្យទាន់ពេលវេលានូវ ផ្លូវល្បឿនលឿន ត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ និងលទ្ធភាពពង្រីកផ្លូវល្បឿនលឿន ត្រីភាគីដល់ប្រទេស កម្ពុជា ឡាវ និងវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឈានមុខរបស់ឥណ្ឌា ក្នុងវិស័យឱសថសាស្ត្រ បង្ហាញនូវឱកាសដ៏ល្អសម្រាប់ កិច្ចសហប្រតិបត្តិការលើការ អភិវឌ្ឍ វ៉ាក់សាំងកូវីដ-១៩ រវាងប្រទេសជា សមាជិកអាស៊ាន និងឥណ្ឌា» ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមាន កិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការជំរុញ ពាណិជ្ជកម្ម និងបានបញ្ជាក់អំពីសារៈសំខាន់ នៃក្រុមប្រឹក្សាធុរកិច្ច អាស៊ាន-ឥណ្ឌា (AIBC) ក្នុងការលើកកម្ពស់ការភ្ជាប់ ទំនាក់ទំនងរវាងមេដឹក នាំធុរកិច្ចសំខាន់ៗ។ លោកក៏បានលើកទឹកចិត្តផងដែរ ដល់ប្រទេសឥណ្ឌា ឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើ សមាហរណកម្មតំបន់ របស់អាស៊ាន តាមរយៈផែនការការងារ IAI ដំណាក់កាលទី៤ ជាពិសេស លើវិស័យពាក់ព័ន្ធនឹង ឌីជីថលូបនីយកម្ម និងបច្ចេកវិទ្យាឈានមុខ ៕