ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់តាមរយៈកម្មវិធី ឈ្នះរង្វាន់កាតទូរសព្ទចំនួន ៥០០០០រៀល ពីក្រុមហ៊ុន H&M

ភ្នំពេញ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឲ្យដឹងថា​ ប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសង្កេតឃើញនូវសារចែករំលែក ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម តួយ៉ាងដូចជាកម្មវិធី Facebook Messenger ស្តីអំពីកម្មវិធីឈ្នះរង្វាន់ប្រាក់ ៥០០០០រៀល ពីក្រុម H&M ដោយគ្រាន់តែធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ នាយប់ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២១​ នាយកដ្ឋានព័ត៌មានវិទ្យា​ បានបញ្ជាក់ថា​បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា កម្មវិធីខាងលើនេះគឺជាល្បិចបោកប្រាស់របស់ជនខិលខូច ក្នុងគោលបំណងទុច្ចរិតដូចខាងក្រោម៖

ទី១- ធ្វើការអូសទាញជនរងគ្រោះចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ។

ទី២- ធ្វើការបញ្ឆោតឲ្យជនរងគ្រោះឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់។

ទី៣- ធ្វើការបញ្ឆោតជនរងគ្រោះចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដោយផ្តល់សិទ្ធិឲ្យគេហទំព័រខិលខូចនោះ ដំណើរការកម្មវិធីផ្ញើសាររបស់ជនរងគ្រោះ តួយ៉ាងកម្មវិធី Facebook Messenger ដែលនឹងធ្វើការចែករំលែកតំណភ្ជាប់ខាងលើដោយស្វ័យប្រវត្តិ ទៅកាន់មិត្តភក្តិដទៃទៀតរបស់ជនរងគ្រោះដែលមានក្នុង (Contact List)។

ប្រភពដដែល​ រៀបរាប់ថា​ លើសពីចំណុចដែលបានរៀបរាប់ខាងលើ ជនខិលខូចក៏អាចប្រើប្រាស់ល្បិចកលនេះក្នុងគោលបំណងទុច្ចរិតផ្សេងៗទៀត ដូចជា៖​ ប្រើប្រាស់គេហទំព័រក្លែងបន្លំ ឆបោកលួចយកព័ត៌មានគណនីជនរងគ្រោះ (ឧទាហរណ៍៖ គណនីអ៊ីនធឺណិត ឬគណនីធនាគារ),​ ប្រើប្រាស់គេហទំព័រក្លែងបន្លំ ធ្វើការចម្លងមេរោគជាដើម។​ ដូច្នេះ​ ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នដោយ កុំធ្វេីការចែករំលែក ឬចុចលើតំណភ្ជាប់ទាំងអស់ និងត្រូវលុបចេញពីប្រអប់សារភ្លាម ជៀសវាងនូវបញ្ហាដូចបានរៀបរាប់ជូនខាងលើ៕

To Top