នយោបាយ

លោក សយ សុភាព៖ គ្មានទេការចរចារវាង សម្ដេចតេជោ និងលោក សម រង្ស៊ី ដែលសំម្ងំខ្លួន នៅក្រៅប្រទេស (Video)

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា គ្មានទេការចរចារវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមួយលោក សម រង្ស៊ីអតីតមេបក្សប្រឆាំង ដែលកំពុងសំម្ងំលាក់ខ្លួន នៅក្រៅប្រទេស។

លោក សយ សុភាព លើកឡើងបែបនេះ បន្ទាប់មានហ្វេសប៊ុកមួយឈ្មោះ Bonchhay San បានចូលខំមិនក្នុងគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ថា «សម្តេច ចូល Zoom ជាមួយក្រុមក្បត់ជាតិអញ្ចឹង អត់ខ្លាចគេចោទ សម្តេចថា ជាក្រុមតែមួយទេឬ?»។ សម្ដេចតេជោ ឆ្លើយតបវិញថា «តាមចាប់ពួកក្បត់ជាតិ ត្រូវចូលដល់កន្លែងពួកក្បត់ជាតិ ទើបចាប់បាន។ យល់ទេ?»។ ជាមួយគ្នានេះ សម្តេចបញ្ជាក់ថា “សូមកុំយល់ខុសថា ខ្ញុំចូល Zoom ជាមួយអតីតមន្រ្តីអតីតបក្សប្រឆាំង ជាការផ្តល់សញ្ញាចរចា តែចង់បញ្ជាក់ថា មនុស្សរបស់ហ៊ុន សែន មានគ្រប់កន្លែង”។ ដូច្នេះគ្មានពាក្យថា ចរចាទេ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក សយ សុភាព នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានសរសេរថា «ខ្ញុំបាននិយាយហើយថា គ្មានទេការចរចា សូមអានឲ្យច្បាស់នូវពាក្យពេជន៍ របស់រដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតបទៅលោក ប៊ុន ឆាយសាន។ គ្មានទេការចរចាជាមួយ ក្រុមដែលត្រូវបានចាត់ទុកថា នៅក្រៅច្បាប់» ។

លោកបន្ដថា ម្យ៉ាងពួកនេះ បានជ្រើសរើសផ្លូវដើររួចហើយ បន្តពីឪពុករបស់គេ ដែលសហរដ្ឋអាមេរិក ជាអ្នកបង្កើតផ្ទាល់ឲ្យប្រឆាំង រាជរដ្ឋាភិបាល សម្តេចព្រះបិតា ជាតិរហូតមកដល់សព្វថ្ងៃ។ លោកថា ប៉ុន្មានថ្ងៃនេះ ពេលដល់អាមេរិក ក្រុមនេះបើកយុទ្ធនាការវាយ រាជរដ្ឋាភិបាលខ្មែរ និងចិន សម្បើមណាស់។

លោក សយ សុភាព បានបញ្ជាក់ទៀតថា «អ្នកត្រូវដឹងថា សម្តេចព្រះបិតាជាតិ និងសាធារណរដ្ឋប្រជាមានិតចិន គឺតែមួយ។ បច្ចុប្បន្ននយោបាយដ៏ត្រឹមត្រូវ និងភ្លឺស្នាងនេះកំពុងបន្តហើយ គ្មានស្រាកស្រាន្តឡើយ»។

ប្រវត្តិរឿង! លោក សយ សុភាព ៖ គ្មានការចរចាទេ ព្រោះបានពុះចែកគ្នាដាច់ម្ខាងចិន ម្ខាងអាមេរិក (១៤ ០៩ ២០២១)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនលោក សយ សុភាព បានលើកឡើងពីភូមិសាស្រ្តនយោបាយនៅកម្ពុជាថា “គ្មានទេការចរចា ហើយបានពុះចែកគ្នា ដាច់ម្ខាងចិន ម្ខាងអាមេរិក”។

លោកថា “មូលហេតុគ្មានការចរចាដោយសារ ខ្មែរជាស្ថាបនិកបង្កើតប្រ៊ីជាមួយចិនឆ្នាំ២០១៣ ហើយអ្នកប្រឆាំងនយោបាយប្រ៊ីដោយប៉ុន្នានថ្ងៃនេះ យកវេទិកាជួបជុំវាយប្រហារចិនសម្បើមណាស់ និងអ្នកកាន់អំណាច នៅភ្នំពេញពីសហរដ្ឋអាមេរិក” ។

លោក សយ សុភាពបន្តថា លោកធ្លាប់បាននិយាយហើយ អាមេរិកបាននិងកំពុងប្រឆាំងចិន និងសម្ព័ន្ធមិត្តរបស់ចិន ហើយកំពុងរិះរកធម្យោបាយដោះដូរ ក្រោយពីគម្រាមលែងខ្លាច។

លោកឲ្យដឹងទៀតថា ប្រវត្តិសាស្ត្រ អាមេរិកបណ្តុះបណ្តាលលោក សម សារី ឪពុក លោក សម រង្ស៊ីឲ្យប្រឆាំងសម្តេចសីហនុ ដូច្នេះនយោបាយអាក្រក់បែបនេះ បាននិងកំពុងបន្ត។

លោកបន្ថែមថា “ដូច្នេះ ប្រ៊ី និងឥណ្ឌូប៉ាស៊ីហ្វិក ប្រៀបដូចទឹក និងប្រេង។ ហេតុនេះ ម្ខាងចិន ម្ខាងអាមេរិកពិតជាគ្មានការចរចាទេ ហើយក៏គ្មានវិបត្តខ្មោចអីដែរ។ ពេលនេះអាមេរិកមិនមែនបងធំ ឬជើងកាងពិភពលោកទេ” ។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីលោក សម រង្ស៊ីបានអត្ថាធិប្បាយពីសហរដ្ឋអាមេរិក ពីការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ក្នុងកិច្ចពិភាក្សាផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធអ៊ីនធើណេត (Zoom) កាលពីថ្ងៃ ៩ កញ្ញា ២០២១” ។ ក្នុងន័យនេះ លោកសម រង្ស៊ីចង់បង្ហាញខ្លឹមសារនៃការចរចាគ្នា ៕

To Top