ភ្នំពេញ៖ ភ្លាមៗក្រោយទទួលបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្រ្តីកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តី ក្រសួង កសិកម្ម បានធ្វេីរបាយការណ៍បន្ទាន់ ជូនសម្តេចតេជោ ពីករណីការចិញ្ចឹមសត្វពពែ និងការសម្លាប់យកសាច់ ។

ក្នុងរបាយការណ៍បន្ទាន់នោះ លោក វេង សាខុន បញ្ជាក់ថា ៖ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមអនុញ្ញាត គោរពជម្រាបជូនសម្តេច តេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណង ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ និងមានចែងនៅក្នុងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នោះទេ ហើយក៏គ្មានជាប់ពាក់ព័ន្ធ ទៅការប្រព្រឹត្តបទល្មើស អ្វីដែរ លើកលែងតែការសម្លាប់សត្វ ក្នុងគោលបំណងធ្វើអាជីកម្ម តែប៉ុណ្ណោះ ។
ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន ខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់ នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោ បានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពង់បំផុតពីខ្ញុំបាទ។
