ព័ត៌មានជាតិ

ជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ជួយឲ្យការ​ចាក់វ៉ាក់សាំងកូវីដ នៅកម្ពុជា ទទួលជោគជ័យ និងស្ដារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ ៖ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានថ្លែងថា ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ជួយឲ្យកម្មវិធីផ្តល់វ៉ាក់សាំង​ កូវីដ-១៩ របស់កម្ពុជាទទួលជោគជ័យ និងរួមចំណែកអនុវត្ត ផែនការស្តារឡើងវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួម របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអង្គការយូនីសេហ្វ។

ក្នុងពិធីផ្តល់បរិក្ខារប្រព័ន្ធត្រជាក់ ក្រោមជំនួយថវិកាពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រ ផ្នែកលទ្ធកម្មដោយ អង្គការយូនីសេហ្វ ជូនក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បានថ្លែងថា ពលរដ្ឋជប៉ុន គឺជាមិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជា នៅក្នុងអំឡុងពេលនៃវិបត្តិនេះ ហើយនេះគឺជាការគាំទ្រដ៏សំខាន់ និងចាំបាច់មួយទៀត ដែលពលរដ្ឋជប៉ុន បានផ្ដល់ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ដ៏គួរឲ្យស្ងប់ស្ងែង ក្នុងការឆ្លើយតប ចំពោះការរាតត្បាតជា សកលនេះ។

លោកស្រីបញ្ជាក់ថា «ការគាំទ្រពីរដ្ឋាភិបាលជប៉ុន បំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសកម្ពុជា ទទួលបានជោគជ័យ រួមចំណែកដល់ការអនុវត្តផែនការ ស្តារឡើងវិញរបស់ប្រទេសនេះ និងបន្តពង្រឹងសមត្ថភាព ផ្ដល់ថ្នាំបង្ការ»។

លោកស្រី បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះការឧបត្ថម្ភដ៏សប្បុរស ហើយនៅតែបន្តប្ដេជ្ញាចិត្តពេញទំហឹង ដើម្បីបន្តការគាំទ្ររបស់យើង ជូនរាជរដ្ឋាភិបាលកម្ពុជា ខណៈរដ្ឋាភិបាលខិតខំកសាងនូវប្រព័ន្ធ សុខាភិបាលកាន់តែរឹងមាំ និងមានភាពធន់។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ការរួមចំណែករបស់ជប៉ុន នឹងផ្តល់នូវកម្លាំងវិជ្ជមាន ដើម្បីជួយពន្លឿនវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ឆ្ពោះទៅរកការស្តារឡើងវិញ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកន្លងមក។

លោកថា “មិត្តភាពរបស់យើង ជាមួយនឹងពលរដ្ឋកម្ពុជា គឺជាមិត្តភាពដ៏សែនជ្រាលជ្រៅ ហើយយើងសង្ឃឹមថា ការគាំទ្រនេះនឹងជួយឲ្យមិត្តភាពរបស់យើង ឈានទៅមុខមួយជំហានទៀត។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំង ធំជាងគេតែមួយគត់ នៅក្នុងពិភពលោក យូនីសេហ្វគឺជាស្ថាប័ន ដឹកនាំការងារលទ្ធកម្ម និងផ្គត់ផ្គង់សម្រាប់យន្តការកូវ៉ាក់»។

សូមបញ្ជាក់ថា បរិក្ខារផ្ដល់ជូនក្រសួងសុខាភិបាលកម្ពុជា រួមមាន ៖ ទូក្លាស្សេវ៉ាក់សាំង ចំនួន២១គ្រឿង, ម៉ាស៊ីនកំណត់កម្លាំងវ៉ុលអគ្គិសនី ចំនួន២១គ្រឿង និងឧបករណ៍សម្គាល់ទូក្លាស្សេ សម្រាប់ពិនិត្យតាមដាន សីតុណ្ហភាព ចំនួន២៧១គ្រឿង ដែលបានទទួលថវិកាគាំទ្រ ពីរដ្ឋាភិបាលជប៉ុន និងការគាំទ្រផ្នែកលទ្ធកម្ម ពីយូនីសេហ្វ។ វត្តមាន នៃបរិក្ខារប្រព័ន្ធត្រជាក់ ដែលដំណើរការល្អ នៅទូទាំងប្រទេសកម្ពុជា នឹងធានាឲ្យមានការរក្សាទុក វ៉ាក់សាំងកូវីដ-១៩ បានល្អ និងធ្វើឲ្យការផ្តល់វ៉ាក់សាំង និងថ្នាំបង្ការជាប្រចាំ នៅក្នុងប្រទេសនេះ មានដំណើរការកាន់តែប្រសើរ នៅក្នុងរយៈពេលវែង៕

To Top