ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិនបានផ្ដល់ទស្សនៈទាន ចំនួន៦ចំណុច ដល់ក្រុមស្ថាបនិកនៃចលនាពលរដ្ឋ ដើម្បីប្រជាធិបតេយ្យ ដែលមានលោក ម៉ែន ណាត ជាប្រធានក្រុមប្រឹក្សាភិបាល លោក គឹម សុខ ជាអនុប្រធានក្រុមប្រឹក្សាភិបាល លោក ទូច វិបុល ជាប្រធានប្រតិបត្តិ និងលោក អ៊ាបសេង ជាអនុប្រធានប្រតិបត្តិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា « តើនេះជាឈាមថ្មី សម្រាប់អនាគត ក្លាយជាអ្នកនយោបាយ?»។
ទស្សនៈទាន ចំនួន៦ចំណុច ដែលលោក សយ សុភាព ចូលរួមផ្តល់រួមមាន៖
១-អស់លោកយល់ច្បាស់ណាស់ពីភូមិសាស្ត្រនយោបាយក្នុងតំបន់ និង មហាអំណាចដែលបានបែងចែកប្លុកត្រួតត្រា។
២-អស់លោកចាប់ពីពេលនេះតទៅសុំជួយចែករំលែកការយល់ដឹងពីភូមិសាស្ត្រនយោបាយឱ្យខ្មែរដឹងផង។
៣- ប្តូរយុទ្ធសាស្ត្រពីការវាយប្រហារខ្លះមកជាផ្តល់វិភាគទាននៃការយល់ដឹងសម្រាប់ឱ្យរៀមច្បងអ្នកនយោបាយបច្ចុប្បន្នទទួលយកគំនិតមកពិចារណា(លោក សេង សារី ជាឧទាហរណ៏)។ ចុងក្រោយខ្មែរអាចរកច្រកអង្គុយនិយាយគ្នាដូចពីមុន(វប្បធម៌ សន្ទនា)។
៤- កុំយកលំនាំតាម អ្នកនយោបាយខ្លះដែល បរទេសនិយមហួសហេតុ មិនព្រមបត់បែន និង សម្របជាមួយមហាអំណាចដែលកំពុងរះថ្មីដើម្បីផលប្រយោជន៏ជាតិ។
៥- គួរកុំប្រើពាក្សអន្ទាក់បំណុល។ ខ្ញុំតែងតែគោរព និង ស្តាប់អស់លោកស្ទើរគ្រប់ពេល ទោះ ខុសឬត្រូវ។
៦- សុំយកព្រះរាជតំរិះព្រះមហាក្សត្រជ័យវរ័្មនទី២ និង ៧ ជាគំរូ៕