ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចី ចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង និងកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ច មហាអនុតំបន់មេគង្គ (GMS)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណាក់កាលទី២ នៃគម្រោងធ្វើឲ្យប្រសើរឡើង នូវបណ្តាញផ្លូវថ្នល់ដែលមាន គោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿង សម្របសម្រួលការឆ្លងដែន នៅក្នុងខេត្តទាំងពីរនេះ។ ការធ្វើឲ្យប្រសើរនេះ នឹងប្រើប្រាស់ការរចនាដែលធន់ នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឲ្យក្រសួងសាធារណការ គ្រប់គ្រង ផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយ ការផ្ទុកលើសចំណុះយានយន្ត ដែលជារឿយៗធ្វើឲ្យខូចផ្លូវ និងនាំឲ្យមានការជួសជុល មុនពេលកំណត់។
លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បង នៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហា អនុតំបន់ទន្លេមេគង្គ។ គម្រោងនេះ នឹងពង្រីកលទ្ធភាព ទទួលបានការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រ នៅតាមជនបទ។ វាក៏នឹងជួយតភ្ជាប់កាន់តែ ប្រសើរទៅនឹងទីផ្សារ និងឱកាសសេដ្ឋកិច្ច តាមរយៈបណ្តាញផ្លូវថ្នល់ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុ ដែលតភ្ជាប់កម្ពុជា ជាមួយវៀតណាម តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ»។
សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើង៧.៨% ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ១៩៩៨ ដល់២០១៩ ប៉ុន្តែ បានធ្លាក់ចុះ ៣.១% នៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩។ វិស័យដឹកជញ្ជូនរបស់ប្រទេស ប្រឈមនឹងបញ្ហា ដូចជាការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគច្រើន របស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាល បានបង្កើតផែនការជាតិមួយដើម្បីកសាង ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ និរន្តរភាព និងភាពធន់នឹងអាកាសធាតុ ដែលអាចបំពេញតម្រូវការប្រជាពលរដ្ឋ និងកំណើនការងារអំឡុងឆ្នាំ២០៣០។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះ ត្រូវបានបញ្ចូលក្នុង បញ្ជីគម្រោង ផែនការជាតិនេះ៕