នយោបាយ

លោក ពេជ្រ ស្រស់ ៖ សម រង្ស៊ី គ្មានឱកាសកាន់អំណាច ទើបទាមទារធ្វើច្បាប់ កំណត់ អាណត្តិនាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី គ្មានឱកាសកាន់អំណាច ទើបរកលេស និងទាមទារធ្វើច្បាប់កំណត់ អាណត្តិនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈឱ្យ ចូលនិវត្តន៍ ចាប់ពីអាយុ៧០ឆ្នាំ ឡើងទៅ។

លោក សម រង្ស៊ី បានលើកឡើងថា ការធ្វើច្បាប់កំណត់សញ្ជាត្តិ គឺអត់ប្រយោជន៍ គួរតែធ្វើច្បាប់មួយទៀត ដែលមានសារៈប្រយោជន៍ខ្ពង់ខ្ពស់ជាទីបំផុត គឺច្បាប់ដែលតម្រូវឲ្យ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអ្នកកាន់តំណែងក្នុងមុខងារសាធារណៈទាំងអស់ ចូលនិវត្តន៍ ចាប់ពីអាយុ ៧០ ឆ្នាំឡើងទៅ។ ច្បាប់បែបនេះ គឺជាច្បាប់ចាំបាច់ ដើម្បីលើកតម្កើងតួនាទី និងលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យមានឱកាសបង្ហាញសមត្ថភាព និងស្នាដៃរបស់ខ្លួន ក្នុងការបម្រើប្រទេសជាតិ គ្រប់ជាន់ថ្នាក់។

ជាការឆ្លើយ លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ថា «ដឹងថាខ្លួនឯងគ្មានឱកាស កាន់អំណាចទើបទាមទារ ឲ្យបង្រួចពេលវេលា អ្នកកាន់អំណាច ថយមករយៈពេលខ្លី ហើយបង្ហាញពីភាពអស់សង្ឃឹម ក្នុងការប្រកួតជាមួយនឹងគេ»។

លោក បានបន្ដថា ការបង្ហាញអំពីគំនិត្យដ៏ក្មេងខ្ចី ដោយហេតុថា ទោះបីជាគេកំណត់អាណត្តិនាយករដ្ឋមន្រ្តី ក៏ដោយ បើគណបក្សគេនៅតែឈ្នះ គឺគ្នាគេនៅតែកាន់អំណាច ហើយអ្នកជំនិតគេ នឹងឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីដដែល ដោយអ្នកនៅខាងក្រៅ ផ្សេងពីគណបក្សឈ្នះ គឺមិនអាចឡើងមកកាន់អំណាច កំពូលឬធ្វើនាយករដ្ឋមន្រ្តីបានទេ។

លោក បានបន្ថែមថា ខ្លួនឈប់ធ្វើនយោបាយហើយ ដោយយកលេសថា ទុកឲ្យអ្នកជំនាន់ក្រោយធ្វើនាយករដ្ឋមន្រ្តី បញ្ចេញសមត្ថភាពពួកគេម្តង ប៉ុន្តែត្រូវដឹងថា បើយុវជនក៏ត្រូវជាយុវជនខាងខ្សែគណបក្សដែលគេឈ្នះឆ្នោតដែរ ច្បាប់លោកិយគឺអ្នកឈ្នះជាអ្នកចាត់ចែងអំណាច ហើយក៏ជាអ្នកកំណត់ វាសនារបស់អ្នកចាញ់ផងដែរ៕

To Top