ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស មើលឃើញថា រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារ ក្នុងត្រីមាសទី៣ បានល្អប្រសើរ

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានកោតសរសើរ រដ្ឋបាលរាជធានីភ្នំពេញ យ៉ាងខ្លាំង លើការអនុវត្តការងារល្អ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឲ្យភូមិ សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រា លើអចលនទ្រព្យផងដែរ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃ១៣ តុលា១ លោកប៉ា សុជាតិវង្ស បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ បានអនុវត្តការងារ បានយ៉ាងល្អប្រសើរ ដូចជា ការងារអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់» មានសុវត្ថិភាព ។
លោកសូមកោតសរសើរ ដល់សមត្ថកិច្ច ពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានស្ទើរតែ ១០០% គឺបង្ក្រាប បាន ៧៧ករណី លើ ៧៨ករណី ។ ការងារគ្រប់គ្រងសំណល់ បរិស្ថាន និងអនាម័យ ដោយបានពិនិត្យទម្ងន់បានល្អ (ការពិនិត្យជញ្ជឹង លាងសម្អាត ថ្លឹងបានត្រឹមត្រូវ និងពិនិត្យរថយន្តចាក់សំរាម មិនឲ្យសល់ក្នុងឡាន..។ល។ និងការជំរុញ ចលនាដឹកជញ្ជូនសំរាមពេលបុណ្យភ្ជុំបិណ្ឌ បានស្អាតពុំមានកកស្ទះ។

ដោយឡែក ការងារធនធានទឹក ឃើញថា សកម្មភាពនិងអនុវត្តបាន ១០០% លើចំណុចមួយចំនួនធំ។ ដោយឡែក សម្រាប់ការងារដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីវិញ បានខិតខំជំរុញការអនុវត្ត ប្រមូលពន្ធប្រថាប់ត្រា គួរជាទីមោទនៈ រហូតដល់ ៥០.៦៧៧,៨៥ លានរៀល គិតជាមធ្យម ប្រហែលជាជាង ៤លានដុល្លាក្នុង១ខែ ។

លោក ប៉ា សុជាតិវង្ស បន្តថា ក្រៅពីការងារខាងលើ ពាក់ព័ន្ធការងារដោះស្រាយ ជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ បានដោះស្រាយបានយ៉ាងល្អផងដែរ ។

ក្នុងនោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា រដ្ឋបាលភ្នំពេញ សម្រាប់ការងារគ្រប់គ្រងជំងឺកូវីដ-១៩ បានសហការជាមួយ គណៈកម្មការជាង១០ ដោយបានដើរតួជាប្រតិបត្តិករ ដោះស្រាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័កជាដើម។

លោកបន្តថា ចាប់ពីពេលនេះតទៅ លែងមានការធ្វើតេស្តរហ័ស ជាទ្រង់ទ្រាយធំទៀតហើយ តែត្រូវបន្តការអនុវត្តការព្យាបាលតាមផ្ទះ ដែលការព្យាបាលតាមផ្ទះនេះ បានទទួលការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ៕

To Top