ព័ត៌មានជាតិ

សមាគមមីក្រូហិរញ្ញវត្ថុ ចាប់ដៃសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា លើកកម្ពស់ទទួលបាន សេវាហិរញ្ញវត្ថុសម្រាប់កសិកម្ម

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា(CACA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការរវាងវិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នារសៀលនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញZoom។

ក្នុងកម្មវិធីដែលមានការចូលរួមពីតំណាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងធនាគារជាតិនៃកម្ពុជា លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កត់ធ្ងន់ថា «អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថានប័នទាំងពីរ តាមរយៈការបញ្ច្រៀបចំណេះដឹងហិរញ្ញវត្ថុដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជម្រុញអោយមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព»។

លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ឥណទានក្នុងវិស័យកសិកម្មក្នុងឆ្នាំ២០២០ មានចំនួន ១៩,៣ភាគរយ នៃឥណទានសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ(២៧,៥ទ្រីលានរៀល) ដែលស្មើនឹង ៥,៣ទ្រីលានរៀល ឬជិត ១៣០០លានដុល្លារ។

លោកបន្តទៀតថា «វិស័យកសិកម្ម ជាវិស័យដ៏មានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះបាននិងកំពុងមានការវិវត្តយ៉ាងខ្លាំងពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាការធ្វើកសិកម្មតាមបែបទំនើប ឬកសិឧស្សាហកម្ម តាមរយៈការធ្វើពិពិធកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ ការផ្លាស់ប្តូរនេះ ទាមទារជាចាំបាច់នូវធនធានមនុស្ស និងបច្ចេកទេសថ្មីៗ ហើយជាពិសេស ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩នេះ ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតកម្មរបស់កសិករ សហគមន៍កសិកម្ម និងអ្នកផ្គត់ផ្គង់ ក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ”។

ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព លោកឧកញ៉ា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានមានប្រសាសន៍ថា «ពិតណាស់ដែលយើងត្រូវអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម នឹងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»។

លោក ស៊្រុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម បានរំពឹងថា «អនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្លើយតបទៅនឹងអភិក្រមនៃភាពជាដៃគូរ ព្រមទាំងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់គ្រួសារកសិករនៅជនបទនៃប្រទេសកម្ពុជា»។

សូមរំលឹកថា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ត្រូវបានបង្កើតឡើងដោយមហាសន្និបាទកំណើតដំបូង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពី ក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ គឺជារចនាសម្ព័ន្ធចាត់តាំងកំពូល របស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យមានតំណាងស្របច្បាប់ក្នុងក្របខ័ណ្ឌជាតិ ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ ព្រមទាំងជួយសម្របសម្រួលផ្តល់សេវាកម្មគាំទ្រ ពង្រឹងនិងពង្រីកសមត្ថភាពរបស់សមាជិក ឲ្យធានាបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មនិងមុខងាររបស់ខ្លួននៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម សង្គមនិងសេដ្ឋកិច្ច។ ដោយគិតត្រឹមដំណាច់ឆ្នាំ២០២០ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា មានសមាជិកសរុបចំនួន ១,២០០ ជាសហគមន៍កសិកម្ម និង ១១ ជាសហភាពសហគមន៍កសិកម្ម ដែលមានសមាជិកសរុប ១៤៤,៣០៦ នាក់ ដែលក្នុងនោះសមាជិកជាស្រ្តី ៦២.៧៩% ស្មើនឹង ៩០,៣០៦ នាក់ និងមានដើមទុនសរុបប្រមាណ ៩៩,៤៨៩ (កៅសិបប្រាំបួនពាន់ បួនរយប៉ែតសិបប្រាំបួន) លានរៀល។

ដោយឡែក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (សមក) គឺជាសមាគមវិជ្ជាជីវៈមិនរកប្រាកចំណេញ មានគោលដៅធានាអោយបានថាប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយភាពសំបូរបែបទាន់ពេលវេលាតាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ សមាគមអាចសម្រេចគោលដៅនេះបាន តាមរយៈការសម្របសម្រួលជាមួយប្រតិបត្តិករ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយអាជ្ញាធរ ម្ចាស់ជំនួយ អ្នកផ្តល់ឥណទាន និងវិនិយោគគិន៕

To Top