ព័ត៌មានជាតិ

អាជ្ញាធរក្រុងបាត់ដំបង ប្រាប់ពលរដ្ឋ រស់នៅបណ្ដោយដងស្ទឹងសង្កែ ឱ្យប្រុងប្រយ័ត្ន ខណៈកម្ពស់ទឹកហក់ឡើង ដល់១៣ម៉ែត្រ

ភ្នំពេញ៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានអំពាវនាវដល់ ប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ចំនួន៧ ជាពិសេសអ្នករស់នៅ តាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ ខណៈពេលដែលកម្ពស់ទឹកហក់ឡើង ដល់១៣ម៉ែត្រហើយ។

តាមរយៈឃ្លីបវីដេអូ រយៈពេលជាង៥នាទី លោក អភិបាលក្រុង បានបញ្ជាក់ថា «សូមប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបងទាំងអស់ ជាពិសេស អ្នករស់នៅក្នុងសង្កាត់វត្តគ សង្កាត់ព្រែកព្រះស្ដេច សង្កាត់ស្វាយប៉ោ សង្កាត់រតនៈ សង្កាត់ស្លាកែត និងសង្កាត់ក្ដុលដូនទាវ ដែលស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលនៅតាមបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ចំពោះទឹកជំនន់»។

លោកថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ កម្ពស់ទឹកស្ទឹងសង្កែ បានហក់ឡើងរហូតដល់ទៅ១៣ម៉ែត្រ ដែលជាកម្រិតឈាន ទៅរកការប្រកាសអាសន្ន។

លោកបន្តថា «បើតាមរបាយការណ៍ ពីមន្ទីរធនធានទឹកខេត្តបាត់ដំបង បានប្រាប់ថា កម្ពស់ទឹកនៅស្រុកសំឡូត មានការហក់ឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី១៤មកម្ល៉េះ ហើយរយៈពេលពីរថ្ងៃ វានឹងហូរចាក់មកកាន់ ក្រុងបាត់ដំបងនេះហើយ»។

លោក អភិបាលក្រុង បញ្ជាក់ថា «ដូច្នេះសូមប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ទាំងអស់ ជាពិសេសអ្នកដែលនៅបណ្ដោយដងស្ទឹងសង្កែ សូមមេត្តាប្រុងប្រយ័ត្ន ប្រសិនបើមានមនុស្សចាស់ជរា អ្នកជំងឺ ឬក្មេងៗ សូមចល័តទៅទីទូលមានសុវត្ថិភាព ឬទៅស្នាក់នៅជាមួយបងប្អូន សាច់ញាតិដែលរស់នៅតំបន់មានសុវត្ថិភាព ជាបណ្ដោះអាសន្ន»។

លោកក៏បានឱ្យដឹងផងដែរថា ខណៈពេលនេះកម្ពស់ទឹកនៅខាង សេកសក និងសំឡូត នៅតែបន្តឡើង ដូច្នេះល្ងាចឬយប់នេះ ទឹកនឹងសម្រុកមកដល់ក្រុងបាត់ដំបង ហើយបច្ចុប្បន្នកម្ពស់ទឹក នៅក្រុងបាត់ដំបង បានហក់ឡើងដល់១៣ម៉ែត្រហើយ វានឹងអាចឡើងដល់១៤ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។

To Top
×