ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ដាក់ដំណើរការប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល” ទប់ស្កាត់កូវីដ

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ឲ្យដំណើរការប្រព័ន្ធ QR Code “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា “បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine” ដោយតភ្ជាប់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំងដាក់ប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែតុលា នេះតទៅ ។

ក្រសួងបន្តថា ប្រព័ន្ធ QR Code “StopCovid QR Vaccine” មានមុខងារសំខាន់ ចំនួន៣ទី១- សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ , ទី២-គ្រប់គ្រងការធ្វើចត្តាឡីស័ក និងទី៣- បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។ ប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។

ក្រសួងគូសបញ្ជាក់ថា ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

ជាថ្មីម្តងទៀត ក្រសួងណែនាំ ដល់ម្ចាស់ទីតាំងមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ រួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឲ្យបុគ្គលដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះតាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទ ក្រោយពេលស្កេន ៕

To Top