ព័ត៌មានជាតិ

ខែកញ្ញា សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ៥៣៩ករណី ចាប់បានជាង២៦គីឡូក្រាម និងឃាត់ខ្លួនជាង១ពាន់នាក់

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចធ្វើការ បង្កា្របបទល្មើសគ្រឿងញៀន ចំនួន៥៣៩ករណី និងចាប់យកគ្រឿងញៀន ជាង២៦គីឡូក្រាម ព្រមទាំង ឃាត់ខ្លួនជនសង្ស័យ ចំនួន១០៣៩នាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះ សម្ដេច ស ខេង បានបញ្ជាក់ថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិជាថ្មីទៀត អំពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ក្នុងខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ គឺក្នុងរយៈពេលពេញមួយខែនោះ សមត្ថកិច្ចបង្ក្រាប បានបទល្មើសគ្រឿងញៀនសរុបចំនួន៥៣៩ករណី ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៤៤០ករណី កើនលើស៩៩ករណី ស្មើនឹង២២,៥ភាគរយ»។

សម្ដេចបន្ដថា «ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខែកញ្ញា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនសរុបចំនួនជាង២៦គីឡូក្រាម ធៀបនឹងខែសីហា ឆ្នាំ២០២១ មានជាង៥៧គីឡូក្រាម ថយចុះជាង៣១គីឡូក្រាម ស្មើនឹងជាង៥៤ភាគរយ។ គ្រឿងញៀនបង្ក្រាបបាន រួមមាន ៖ មេតំហ្វេតាមីនក្រាមម្សៅ ជាង១៣គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ជាង១៣១ក្រាម អ៊ិចស្តាស៊ីជាង៨គីឡូក្រាម កេតាមីនជាង១គីឡូក្រាម Nimetazepam ជាង១គីឡូក្រាម សាធាតុគីមីផ្សំជាង៤គីឡូក្រាម និងកញ្ឆាស្ងួតជាង៤គីឡូក្រាម»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបន្ថែមថា ក្នុងចំណោមបទល្មើសគ្រឿងញៀននោះ មានករណីជួញដូរ រក្សាទុក៤៦៣ករណី ករណីប្រើប្រាស់៧៥ករណី ករណីសំយោគ កែច្នៃ១ករណី និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១០៣៩នាក់ ស្រី៧៣នាក់ ធៀបនឹងខែសីហា ឆ្នាំ២០២១ មាន៨៦១នាក់ កើនលើស១៧៨នាក់ ស្មើនឹង២០,៦ភាគរយ ក្នុងនោះជនស្ស័យជួញដូរ រក្សាទុក៨៣២ករណី ជនសង្ស័យប្រើប្រាស់គ្រឿងញៀន២០៥នាក់ ជនសង្ស័យសំយោគ កែច្នៃ២នាក់។ មានជនបរទេស៤១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះដែរ។

ជាងនេះទៅទៀត សម្ដេច ស ខេង ក៏បានលើកទឹកចិត្តខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ទាំងស៊ីវិល នគរបាល និងកងរាជអាវុធហត្ថ ដែលបានរួមសហការគ្នាយ៉ាងល្អក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជន៕

To Top