ព័ត៌មានជាតិ

ក្រសួង បន្ដអនុវត្តច្បាប់ និងទប់ស្ដាត់រថយន្ដ ដឹកលើសទម្ងន់យ៉ាង តឹងរ៉ឹងបំផុត ដោយគ្មានលើកលែង ជាលើកទី២

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តអនុវត្តច្បាប់ និងទប់ស្កាត់ ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការ លើកលែងជាលើកទី២ ទៀតឡើយ ដូច្នេះ ត្រូវចូលរួមអនុវត្ត ច្បាប់ទាំងអស់គ្នា។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី១៨ តុលា បានឲ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងបានប្រគល់យានយន្ត ចំនួន ២២៩គ្រឿង ជូនម្ចាស់វិញ ។ យានយន្តទាំង ២២៩គ្រឿង ជាយានយន្តល្មើសច្បាប់ ដោយបានដឹកលើសទម្ងន់កម្រិត កំណត់លើសពី២០% នៃទម្ងន់អនុញ្ញាតដែលបានឃាត់ដោយស្ថានីយជញ្ជីងអចល័ត និងក្រុមចល័តចម្រុះ ហើយរក្សាទុក នៅតាមស្ថានីយជញ្ជីងអចល័ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្ត មួយចំនួន។

ក្រសួងបានបញ្ជាក់ថា «សូមរំលឹកជូនម្ចាស់ យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ទាំងឡាយមេត្តាជ្រាបថា ថ្វីត្បិតតែរាជរដ្ឋាភិបាល បានអនុញ្ញាត ឲ្យមានការដោះលែង និងបន្ធូរបន្ថយនាពេលនេះមែន តែក្រសួង សាធារណការ និងដឹកជញ្ជូន នឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់យ៉ាងតឹងរ៉ឹងបំផុត ដោយមិនមានការលើកលែង ជាលើកទី២ ទៀតឡើយ»។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង នឹងខិតខំធ្វើការ ផ្សព្វផ្សាយ ជូនដំណឹងឲ្យបានទូលំទូលាយ បន្ថែមទៀតអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់សាធារណជនទូទៅឲ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់ ជាពិសេសច្បាប់ ស្តីពីផ្លូវថ្នល់ និងសេចក្ដីជូនដំណឹង ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹង បន្ថែម ចំពោះយានយន្តដឹកជញ្ជូន ធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួង សាធារណការ ដោះលែងយានយន្តចំនួន ២២៩គ្រឿង ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ ដោយស្របពេលស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាល បានរៀបចំកែសម្រួល និង ដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ ៕

To Top
×