ព័ត៌មានជាតិ

ខណៈសាំងឡើងថ្លៃ ជិត៥ពាន់រៀល លោក ពេជ្រ ស្រស់ ថា រដ្ឋត្រូវកាត់បន្ថយ ពន្ធនាំចូល

ភ្នំពេញ ៖ ខណៈសាំងស៊ូពែរនៅសល់តែ១៥០រៀលទៀត នឹងឡើងដល់ ៥០០០រៀល លោក ពេជ្រ ស្រស់បានបញ្ចេញ យោបល់ថា ដើម្បីជួយសម្រាលបន្ទុក ពលរដ្ឋអំពីសាំងនេះ រដ្ឋត្រូវតែបន្ថយពន្ធ នាំចូលប្រេង ទើបអាចចុះថ្លៃបាន។

លោក ពេជ្រ ស្រស់បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២១ តុលា ថា រដ្ឋត្រូវមើលនូវ មុខទំនិញអ្វីដែលធ្វើឲ្យប៉ះពាល់ ដល់សេដ្ឋកិច្ចពលរដ្ឋខ្លាំង ក្នុងជីវភាពប្រចាំថ្ងៃ គួរតែអនុគ្រោះពន្ធនូវមុខទំនិញហ្នឹងទៅ នឹងចុះថោកហើយ ។

លោកថា បើសិនជា លោកជាថ្នាក់ដឹកនាំប្រទេស លោកនឹងពិនិត្យមើលមុខទំនិញអ្វីដែលឡើង ថ្លៃខ្ពស់លោកនឹងពិចារណាក្នុងការបញ្ចុះ ។

លោក ពេជ្រ ស្រស់ សង្កត់ធ្ងន់ថា “ទំនិញណាដែលយើងកាត់បន្ថយបាន ជាពិសេសទំនិញណា ដែលប្រជាពលរដ្ឋប្រើជាប្រចាំថ្ងៃ ពាក់ព័ន្ធសេដ្ឋកិច្ចពួកគាត់ ដូចជាសាំងនេះជាដើម ត្រូវតែកាត់បន្ថយពន្ធអតិប្បរមាមួយទៅ ដើម្បីឲ្យអ្នកលក់ក្នុងស្រុក មិនឲ្យតម្លើងថ្លៃបាន” ។

លោកក៏បានផ្តល់ជាយោបល់ទៀតថា រាជរដ្ឋាភិបាលក៏អាចបញ្ចេញ ថវិការដ្ឋទ្រង់ទ្រ លើវិស័យនេះតែម្តង ដើម្បីកុំឲ្យពលរដ្ឋធ្លាក់ ក្នុងជ្រោះមរណ នៃសេដ្ឋកិច្ចខ្លាំងពេក ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានប្រកាសថា ចាប់ពីថ្ងៃ១៦-៣១តុលា ម៉ាស៊ូត មានតម្លៃ៤០០០រៀលក្នុងមួយលីត និងសាំងធម្មតា៤៣០០រៀល ក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរ តម្លៃ៤៨៥០រៀល ក្នុងមួយលីត្រ ៕

To Top