ព័ត៌មានជាតិ

សហជីពនៅកម្ពុជា៖ រាជរដ្ឋាភិបាល បានលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដាខ្ពស់ ដូចប្រទេសនៅក្នុងតំបន់

ភ្នំពេញ៖ សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោត លើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្ម នៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារ ខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។

លោក អ៊ុន ដារ៉ា ប្រធានសហភាព សហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា មានចំណុចសំខាន់ៗជាច្រើន ដែលបង្ហាញពី ការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលដើម្បីកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែមានស្ដង់ដាខ្ពស់ រួមមាន ៖ ការកំណត់ប្រាក់ឈ្នួលអប្បបរមា, យន្តការអធិការកិច្ចការងារ, ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព, ការធានាសុខុមាលភាពសង្គមតាមរយៈការផ្តល់អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមជាដើម។

លោកបញ្ជាក់ថា៖«យើងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការអន្តរជាតិខាងការងារ ILO និងកម្មវិធីរោងចក្រកាន់ តែប្រសើរ នៅកម្ពុជា ដើម្បីជួយត្រួតពិនិត្យនិងលើកកម្ពស់ ស្តង់ដាការងារ ឱ្យកាន់តែប្រសើរ។រដ្ឋមន្ត្រីក្រសួងការងារលោកតែងតែ​យកចិត្តទុកដាក់ខ្លាំងណាស់ មកលើបងប្អូនកម្មករនិយោជិត​យើង ពិសេសតាមដានលើសុខភាព សុវត្ថិភាព និងអត្ថប្រយោជន៍ផ្សេងៗ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជាមានកិច្ចសហការល្អជាមួយប្រទេសដទៃផ្សេងទៀត ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ។ ជាក់ស្តែង មានអង្គការអន្តរជាតិខាងការងារ (ILO), គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ជាច្រើនជាសាក្សីថា កម្ពុជា អនុវត្តបានល្អ។

លោកថ្លែងថា៖ «កម្ពុជាមិនមែនជាប្រទេសមួយដែលអាក្រក់ ដូចគេចោទប្រកាន់នោះទេ ហើយកម្ពុជាតែងតែ អនុវត្តការងារបានខ្ជប់ខ្ជួនតាមរយៈ ការសហការជាមួយអង្គការអន្តរជាតិខាងការងារ ILO ក៏ដូចជាគម្រោង BFC និងម្ចាស់ Brand ដទៃទៀត ជិត ២០ឆ្នាំមកហើយ ដែលគេទទួលស្គាល់ថា កម្ពុជាអនុវត្តលក្ខខណ្ឌការងារបានល្អប្រសើរ»។

លោកបន្តថា មិនតែប៉ុណ្ណោះ ការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥លាននាក់ ជាមួយនឹងប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករនិយោជិតមានឱកាសសិក្សា ដើម្បីបង្កើនសមត្ថភាព និង សិក្សាជំនាញថ្មីក៏ជាផ្នែកមួយ ដែលមានការសាទរ និងទទួលស្គាល់ស្ដង់ដារទាំងការងារ និងផលិតភាពដោយ អន្តរជាតិផងដែរ ៕

To Top