ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ព្យាករថា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន៤,៨% (Video)

ភ្នំពេញ៖ ឆ្នាំចាស់ជិតផ្លាស់ចូលឆ្នាំថ្មី រាជរដ្ឋាភិបាលកម្ពុជា បានព្យាករទុកថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ក្នុងកំណើននៃអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ប៊ីលានរៀល ឬសមមូលនឹងប្រមាណ៣០ ៥៤៤លានដុល្លារអាមេរិក បើធៀបនឹង ១ ៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ បានឱ្យដឹងថា តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបាន ប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។ ការប៉ាន់ស្មានអត្រាកំណើននេះ គឺមាននិន្នាការ ស្រដៀងគ្នាទៅនឹងការវាយតម្លៃ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក្នុងរង្វង់ប្រមាណ ២,០%។

សេចក្តីព្រាងច្បាប់ បញ្ជាក់ថា «សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ប៊ីលានរៀល ឬសមមូលនឹងប្រមាណ៣០ ៥៤៤លានដុល្លារអាមេរិក បើធៀបនឹង ១ ៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១»។

កំណើននេះ គាំទ្រដោយការបន្តកើនឡើងនេះ នៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចខាងក្រោម៖

ទី១.វិស័យឧស្សាហកម្ម ត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រា ៧,៧% ក្នុងឆ្នាំ ២០២២ ពីកំណើន ៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុក នៅក្នុងកំណើនល្អ ប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល មិនមែនកាត់ដេរ ខណៈដែលអនុវិស័យ សំណង់ ត្រូវបានរំពឹងថា នៅបន្តសម្រេចបាន នូវកំណើនទាប។ អនុវិស័យកាត់ដេរ ត្រូវបាន រំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុក នៃភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ជា ពិសេសទីផ្សារ សហរដ្ឋអាមេរិកនិងចិន ស្របជាមួយការរំពឹងទុក ការបង្វែររោងចក្រ ពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនិងការដាក់ចេញ នៃយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ កាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២១-២០២៥។

ទី២.វិស័យសេវាកម្ម ត្រូវបានព្យាករណ៍ នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ក្នុងឆ្នាំ ២០២២ ពីកំណើនត្រឹម ០,៣% ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងសន្សឹមៗ នៃអនុ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រ ទេសចរណ៍ផ្សេងទៀត។ អនុវិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា នឹងងើបឡើងវិញ ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប ទាំងទំហំ និងអត្រាកំណើន ដោយសារការរំពឹងទុក នៃការងើបឡើងវិញ ក្នុងល្បឿន យឺតនៃភ្ញៀវទេសចរអន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិ ត្រូវបានងើបឡើងវិញ ក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាត ក្នុងសហគមន៍ មានការស្រាកស្រាន្ត និង គ្រប់គ្រងបាន។ ស្របពេលនឹងការងើបឡើងវិញ នៃអនុវិស័យគាំទ្រដល់សកម្មភាពដឹក ជញ្ជូន និងនិន្នាការ នៃការបន្តកើនឡើង នូវការប្រើប្រាស់អ៊ីនធឺណេត គួបផ្សំនឹងការដាក់ ចេញនូវក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើន ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល និងលើកកម្ពស់ ការប្រើប្រាស់ ឌីជីថលនៅកម្ពុជា។

ទី៣.វិស័យកសិកម្ម ត្រូវបានព្យាករថា នឹងសម្រេចបានកំណើន ក្នុងអត្រាទាប ១១% ក្នុង ឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន ១៤% ក្នុងឆ្នាំ២០២១ ដោយសារការំពឹងទុក ការបន្តកំណើនល្អប្រសើរ នៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នឹងបន្តកំណើនល្អប្រសើរ ដោយសារការរំពឹងទុក កំណើនល្អប្រសើរ ការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលបន្តជំរុញ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើន ការវិនិយោគជាមួយ រាជរដ្ឋាភិបាល ពិសេសការផ្តល់ហិរញ្ញប្បទាន ក្នុងការជំរុញផលិតកម្ម ក្នុងស្រុក៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top