ព័ត៌មានជាតិ

កម្ពុជានឹងដកចេញ ការតម្រូវយក សំណាកកូវីដ-១៩ ពីសាច់បង្កក នាំចូលពីឥណ្ឌា (Video)

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឯកភាពស្នើសុំការសម្រេចជាគោលការណ៍ពីថ្នាក់ ដឹកនាំ ដើម្បីដកចេញការតម្រូវឲ្យយកសំណាកកូវីដ-១៩ លើសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ថ្មីៗនេះ គណៈកម្មការចំពោះកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូលទំនិញមានហានិភ័ យខ្ពស់ ដែលមានប្រភពពីប្រទេសមានការរីករាលដាលខ្លាំងនូវជំងឺឆ្លងកូវីដ-១៩ បានប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាពលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការចំពោះកិច្ច ដោយមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ អង្គប្រជុំបានឯកភាព និងស្នើសុំការសម្រេច ជាគោលការណ៍ពីថ្នាក់ដឹកនាំ លើចំណុចមួយចំនួន ដូចជា ៖ ដកចេញការតម្រូវឲ្យយកសំណាកសាច់បង្កកនាំចូលមកពីប្រទេសឥណ្ឌា ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, រក្សាការតម្រូវឲ្យមានវិញ្ញាបនបត្រឬលិខិតបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក ចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសឥណ្ឌា, បន្តអនុវត្តត្រឹមវិធានការអនាម័យ និងវិធានការសុខាភិបាលលើទំនិញត្រជាក់ និងទំនិញបង្កកនាំចូលពីប្រទេសជិតខាង ដោយបាញ់ថ្នាំសម្លាប់មេរោគលើសំបកវេចខ្ចប់ និងមធ្យោបាយដឹកជញ្ជូនទំនិញ។

ជាងនេះទៅទៀត វិធានការកែសម្រួលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តទៅ ។ ក្នុងករណីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញកាន់តែធូរស្រាល វិធានការខាងលើនេះនឹងអាចដកចេញទាំងស្រុង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ។ ដោយឡែក គណៈកម្មការចំពោះកិច្ច នឹងបន្តតាមដាន និងវាយតម្លៃយ៉ាងខ្ជាប់ខ្ជួននូវការវិវត្តនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការដែលបានកែសម្រួលខាងលើនេះ និងធ្វើរបាយការណ៍ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ក្រុមការងារ នៃគណៈកម្មការចំពោះកិច្ច បានបង្ហាញថា ក្នុងចំណោមទំនិញសាច់បង្កកនាំចូល ចំនួន១៥០កុងតែន័រ ដែលជាមុខសញ្ញាធ្វើតេស្តរកវីរុសកូវីដ-១៩ មានតែ ៣ កុងតែន័រប៉ុណ្ណោះ ដែលបានរកឃើញ “វិជ្ជមាន” និងត្រូវបានដុតបំផ្លាញចោលកាលពីចុងខែកក្កដា ឆ្នាំ២០២១ ។

ទន្ទឹមនេះ ក្រុមការងារតាមដាន និងវាយតម្លៃពីស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសសំខាន់ៗ ដែលនាំចេញមុខទំនិញសាច់បង្កកមកកម្ពុជា ក៏បានធ្វើរបាយការណ៍ដោយបញ្ជាក់ថា អត្រានៃការឆ្លងនៅប្រទេសទាំងនោះមានការធ្លាក់ចុះយ៉ាងច្រើន ដែលជាកត្តាកាត់បន្ថយហានិភ័យនៃវត្តមានវីរុសកូវីដ-១៩ លើសាច់បង្កកនាំចូលមកកម្ពុជា។

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២១ កម្ពុជាបានរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៣កុងទឺន័រមាន«វិជ្ជមានកូវីដ-១៩» ពោលគឺប្រមាណ១ខែក្រោយពីកម្ពុជាសម្រេចឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យផ្សេងៗ ដែលមានប្រភពពីប្រទេសឥណ្ឌា៕

To Top