ព័ត៌មានជាតិ

សម្តេចតេជោ ៖ ៣ខែ កម្ពុជាផលិតលោហៈមាស បានជាង៧០០គីឡូក្រាម (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃ២២ តុលា ថា “ក្នុងរយៈពេល ៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម” ។ នេះបើតាមការផ្សព្វផ្សាយរបស់លោ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។

កាលពីថ្ងៃ១០ មិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិ ដោយប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជាដែលអាចផលិតមាសសុទ្ធ បានចំនួន៣តោនក្នុងមួយឆ្នាំសម្រាប់រយៈពេល៨ឆ្នាំដំបូង ដោយទទួលចំណូលពី១៨០ទៅ១៩០លានដុល្លារក្នុងមួយឆ្នាំៗ ។

បើតាមសាលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជាដដែលនោះបានឲ្យដឹងទៀតថា ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលីទី១ ចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយផលិតចេញជាមាសដុំពាក់ កណ្ដាលសម្រេចដែលមានអត្រាមាស៩០%(Gold Doré Bars) ក្រោយក្រុមហ៊ុនបានសិក្សា ស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ។ តាមរបាយការណ៍សមិទ្ធលទ្ធភាព ផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុង១ឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

ក្រុមហ៊ុនមានទីតាំងនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុង១ឆ្នាំ ។

កាលពីថ្ងៃ២១ មិថុនា ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុនអូស្ត្រាលីឈ្មោះ Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវនេះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top