ព័ត៌មានជាតិ

កម្ពុជា ជាប្រទេសទី១ បានផ្តល់រូបថត សត្វត្រយ៉ងយក្ស ក្នុងធម្មជាតិមុនគេ លើពិភពលោក

ភ្នំពេញ ៖ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថត ប្រភេទសត្វត្រយ៉ងយក្សក្នុងធម្មជាតិ មុនគេលើពិភពលោក ។ នេះបើតាមការឲ្យដឹង ពីលោក នេត ភត្រា អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃ២២ តុលា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ។

ត្រយ៉ងយក្សត្រូវ បានរាជរដ្ឋាភិបាលកំណត់ថា ជាបក្សីនិមិត្តរូបកម្ពុជាតាមព្រះរាជ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។

កម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់ នៅលើពិភពលោក សម្រាប់សត្វត្រយងយក្ស ដែលជាប្រភេទសត្វ ដែលរងគ្រោះបំផុតជិតផុតពូជ នៅលើពិភពលោក។ កម្ពុជាមានមោទកភាព ដែលមានសត្វកម្រនេះ ហើយចាំបាច់ទាំងអស់ គ្នាត្រូវរួមគ្នា ការពារ និង អភិរក្សសត្វដ៏កម្រប្រភេទនេះ ឲ្យបាន គង់វង្សស្ថិតស្ថេរសម្រាប់ មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បី ផលប្រយោជន៍ នៃជីវៈចម្រុះពិភពលោកទាំងមូល។

តាមការសិក្សា នៅកម្ពុជា មានត្រយ៉ងយក្សជាង ៣០០ ក្បាល ស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយ៉ងយក្ស ពេញវ័យមាន ប្រមាណ ២០០ក្បាល ។ ជាមួយកម្មវិធីថែរក្សាសំបុកសត្វ កម្រៗនានាគាំទ្រ ដោយអង្គការដៃគូ នៅឆ្នាំ២០២១ នេះ សំបុកពងកូន របស់សត្វត្រយ៉ងយក្ស ជាច្រើនក្នុងតំបន់ការពារធម្មជាតិ ត្រូវបានរកឃើញ និងថែរក្សាដើម្បីឲ្យពងញាស់ និងកូនសត្វត្រយ៉ងលូតលាស់ ធំធាត់រហូតអាចហើរ រកស៊ីដោយខ្លួនឯង ៕

To Top