ព័ត៌មានជាតិ

ឃាត់ខ្លួនពលរដ្ឋ ជាង៤០នាក់ ក្រោយចាញ់ បោកមេខ្យល់ ចូលកាប់រាន ដីព្រៃឈើ នៅស្រុកព្រៃនប់

ភ្នំពេញ៖ ប្រជាពលរដ្ឋ ប្រមាណជាង៤០នាក់ ត្រូវបានសមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពកាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាម រដ្ឋបាលបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាព ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យ និងទប់ស្កាត់ សកម្មភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្ស ចំនួន៥៨នាក់ កំពុងធ្វើសកម្មភាព កាប់រានដីព្រៃ និងចងតង់ធ្វើជាជម្រក ក្នុងនោះក្រុមការងារចម្រុះ បានធ្វើការណែនាំឱ្យពួកគាត់ បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។

សូមបញ្ជាក់ផងដែរក្រុមការងារចម្រុះ បានប្រើប្រាស់ពេលវេលា ជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗ តែក្រុមទាំងនោះមិនស្តាប់ ហើយបានប្រើអំពើហិង្សា គប់ដបសាំង មកលើកម្លាំងសមត្ថកិច្ច ថែមទៀត ដូច្នេះដើម្បីបញ្ចៀស ការប៉ះទង្គិចគ្នា ទើបក្រុមការងារចម្រុះបានដកថយ ដើម្បីរង់ចាំការណែនាំបន្ត។

ប្រភពដដែលបានឱ្យដឹងទៀតថា រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រុមការងារចម្រុះ បានចុះទៅកន្លែងកើតហេតុ ជាលើកទី២ ដើម្បីឃាត់ខ្លួនមនុស្ស ដែលកំពុងនៅលើទីតាំងជាក់ស្តែង បានចំនួន៤៣នាក់ ស្រី០៨នាក់ ក្នុងនោះបានបញ្ជូនជនសង្ស័យ ចំនួន០៦នាក់ ទៅស្នងការដ្ឋាន ខេត្តព្រះសីហនុ ដើម្បីសួរនាំបន្ត ដោយឡែកអ្នកពាក់ព័ន្ធ ចំនួន៣៧នាក់ទៀត បន្ទាប់ពីធ្វើការសាកសួរ និងធ្វើកិច្ចសន្យា គឺបានឱ្យមេឃុំចៅ សង្កាត់របស់ពួកគាត់មកធានា ត្រឡប់ទៅលំនៅដ្ឋានវិញ។

យោងតាមចម្លើយ របស់បងប្អូនប្រជាពលរដ្ឋទាំងនោះ គឺមានទាំងអ្នកក្នុងខេត្តនិងក្រៅខេត្ត គឺត្រូវបានមេខ្យល់ ដែលមានអង្គការចាត់តាំង បានធ្វើការបោកបញ្ឆោតឱ្យ ចូលទៅកាប់រានដីព្រៃឈើ ដើម្បីយកដីចែកគ្នា។

រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចាញ់បោកមេខ្យល់ និងជនខិលខូច ដោយធ្វើការញុះញង់ឱ្យទៅកាប់រានទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិ ឬរំលោភបំពានលើដី កម្មសិទ្ធឯកជន និងការប្រើប្រាស់ អំពើហិង្សាប្រឆាំង មន្ត្រីសាធារណៈជាដើម ដែលទង្វើនេះ នឹងធ្វើឱ្យបងប្អូន ក្លាយខ្លួនជាជនល្មើស នឹងត្រូវប្រឈមមុខចំពោះ ផ្លូវច្បាប់ថែមទៀត៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×