ព័ត៌មានជាតិ

សម្ដេច ហេង សំរិន៖ សុខសន្តិភាព ជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាបានលើកឡើងថា សុខសន្តិភាពជាកត្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ សម្ដេច ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវ ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ» ។

ឆ្លៀតឱកាសនេះ សម្ដេចប្រធានរដ្ឋសភា បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ ទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា ។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការចាក់វ៉ាក់សំាង ជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៍ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយ វីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈាន ទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។

ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

សម្ដេចក៏បានជូនពរ ឲ្យជនរួមជាតិទំាងអស់ ប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ៕

To Top
×