ភ្នំពេញ ៖ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨និងលើកទី៣៩ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ជាមួយនឹងការទទួលជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចគឺជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួរប្រធានអាស៊ានរហូត៣ដង ។

តាមបណ្តាញសង្គមហ្វេសប៊ុកសម្តេចបានថ្លែងថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជាមួយរូបដែលបានកាន់ញញួ រប្រធានអាស៊ានរហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបានគាំទ្រដល់រូបខ្ញុំ ក្នុងការដឹកនាំកម្ពុជាដែលធ្វើឲ្យខ្ញុំមានលទ្ធភាពចូលរួមក្នុងកិច្ចការតំបន់និងអន្តរជាតិតាមរយៈអាស៊ាន” ។

សូមបញ្ជាក់ថា ក្រោយកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាបានធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានលើកទី១ នៅឆ្នាំ២០០២ , លើកទី២ ឆ្នាំ២០១២ និងលើកទី៣ខាងមុខនេះ នៅឆ្នាំ២០២២ ៕

