ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ប្រកាសសាលក្រម និង បានសម្រេចផ្តន្ទាទោស បុរសជាប់ចោទចំនួន២នាក់ ដោយដាក់ពន្ធនាគារ ពួកគេ ក្នុងម្នាក់ៗ កំណត់ពី ៣ ទៅ ៤ ឆ្នាំ និង បង្គាប់ឱ្យពួកគេទាំង២នាក់ រួមគ្នា សងថ្លៃខូចខាត ចំនួន ១,៤ លានដុល្លារអាមេរិក និង ថ្លៃជម្ងឺចិត្តចំនួន ២ ម៉ឺនដុល្លារអាមេរិកទៀត ទៅក្រុមហ៊ុន Renet Japan ( Cambodia) ដែលជាភាគីដើមបណ្ដឹង។
យោងតាមការប្រកាសសាលក្រម របស់លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានអោយដឹងថា ជនជាប់ចោទ ទាំង២នាក់ខាងលើនេះ មានឈ្មោះ ហ៊ាង សុងហេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ត្រូវជាប់គុក កំណត់ ៤ឆ្នាំ ។
រីឯ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ លាស់ សុវណ្ណ ភេទ ប្រុស អាយុ ២៥ ឆ្នាំ ត្រូវជាប់គុក កំណត់ ៣ឆ្នាំ ។
ពួកគេត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្តពិសេសដោយអភិបាល , បទក្លែងបន្លំ និង ប្រើឯកសារក្លែង និង ត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ និងយោងតាមបណ្តឹងរបស់តំណាង នៃ ក្រុមហ៊ុន កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២១៕
រក្សាសិទ្ធិដោយ: រស្មី អាកាស