ព័ត៌មានជាតិ

ការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ សម្រេចបាន ៩៥%

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី២៧ ( 27th ATM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូពីចម្ងាយ នាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ រហូតមកទល់ពេលនេះ វឌ្ឍនភាពសរុបសម្រេចបាន ៩៥% ហើយ។

សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ វិច្ឆិកា ខាងមុខ។

ក្នុងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (27th ATM Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ នាថ្ងៃទី១៥ វិច្ឆិកា នេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារជំនាញពាក់ព័ន្ធរៀបចំអត្ថបទ ដែលត្រូវចុះផ្សព្វផ្សាយ នៅក្នុងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិឲ្យមានខ្លឹមសារ ដើម្បីរំលេចឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ក្រោមដំបូលសន្តិភាព នៃរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំកន្លងទៅ ទាក់ទងនឹងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ដើម្បីបង្ហាញមុខមាត់កម្ពុជា លើឆាកអន្តរជាតិបានជ្រួតជ្រាប។

សូមបញ្ជាក់ថា នេះជាលើកទី៣ ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះ ៖ កិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅឆ្នាំ២០០៤, លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២១៕

To Top