ព័ត៌មានជាតិ

លោក កៅ ថាច អញ្ជើញប្រកាស សុពលភាព ក្រុមចលនាយុវជន គណបក្សប្រជាជនកម្ពុជា ឃុំតាឯក និងឃុំកោះចូរ៉ាម

ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានចលនាយុវជន គណបក្សប្រជាជនកម្ពុជា​ ថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីប្រកាសសុពលភាព ក្រុមចលនាយុវជនឃុំតាឯក និងឃុំកោះចូរ៉ាម និងកម្មវិធីសំណេះសំណាល និងផ្សព្ធផ្សាយពីផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់យុវជនបក្សទាំងពីរឃុំ សរុបប្រមាណ ១៣៥ នាក់។

លោក កៅ ថាច បានជម្រាបជូនដល់តំណាង យុវជនបក្សឃុំទាំងពីរ អំពីប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល​ ចុះជួយស្រុកខ្សាច់កណ្តាល កៀនស្វាយ និងល្វាឯម ជូនដល់បងប្អូនយុវជន​ ទាំងអស់នាឱកាសនោះ។

ក្នុងឱកាសនោះលោក កៅ ថាច ក៏បានសំដែងនូវសេចក្តីអបអរសាទរ ជូនដល់បងយុវជនទាំងអស់ ដែលទទួលបានការទុកចិត្តពី គណៈអចិន្ត្រៃយ៍គណបក្ស ស្រុកខ្សាច់កណ្តាល ដែលបានសម្រេចតែងតាំង ជាប្រធាន អនុប្រធាន និងជាសមាជិក តាមរចនាសម័ន្ធបក្សឃុំ។ និងបានជម្រុញ លើកទឹកចិត្ត អោយយុវជនបន្តខិតខំ អោយអស់ពីសមត្ថភាពបំពេញការងារ ជូនគណបក្សប្រជាជនកម្ពុជា អោយទទួលបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ លោកក៏បានបន្តរំលឹកពីប្រវត្ត​ គណបក្សប្រជាជនកម្ពុជា និងដំណើរការឆ្លងកាត់ ជាប្រវត្តសាស្ត្រ និងសមិទ្ធផលសម្រេចបាន និងជាស្នាដៃជាប្រវត្តសាស្ត្រ ដែលថ្នាក់ដឹកនាំគណបក្ស លោកសម្រេចបាន ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស សុខសន្តិភាព និងការអភិវឌ្ឍន៍ជាមូលដ្ឋាន ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។

ជាមួយគ្នានេះដែរ លោក កៅ ថាច ក៏បានជំរុញអោយយុវជន សហការជាមួយគណបក្សស្រុក ដើម្បីពង្រឹងការងារសម្អាតបរិស្ថាន និងបន្តការដាំដើមឈើ តាមទីសាធារណៈ សាលារៀន និងតាមវត្តអារ៉ាម ព្រមទាំងបានផ្សព្ធផ្សាយ អំពីផែនការសកម្មភាព ឆ្ពោះទៅកាន់ការបោះឆ្នោតអាណត្តិទី៥ ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ដោយឲ្យយុវជនគណបក្សទាំងអស់ ចុះធ្វើសកម្មភាព អោយបានជិតស្និទ្ធិ ជាមួយប្រជាពលរដ្ឋ នៅមូលដ្ឋាន ។

លោក កៅ ថាច ក៏បានពាំនាំថវិកា​ ឧត្ថម្ភមួយចំនួន​របស់លោកអគ្គបណ្ឌិតសភាចារ្យ ដើម្បីធ្វើការផ្តល់ជូនគណបក្សឃុំ និងយុវជនទាំងអស់ ដែលមានវត្តមានផងដែរ និងឧបត្ថម្ភខ្សែ សម្រាប់ដាក់កាតចាក់វ៉ាក់សាំង ចំនួន ១០០០ ខ្សែ ដោយក្នុងនោះធ្វើការបែងចែក ទៅ សាលាបឋមសិក្សាកោះចូរ៉ាម ចំនួន ៤០០ខ្សែ សាលាបឋមសិក្សាតាឯក ៣០០ខ្សែ និងជូនគណបក្សស្រុកខ្សាច់កណ្តាល ៣០០ខ្សែ ដែលជាអំណោយផ្ទាល់ រស់លោក កៅ ថាច ផងដែរ៕

To Top