ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ មន្ត្រីសមត្ថកិច្ចនគរបាលគយ និង មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
កាលពីអាធ្រាត ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួន ស្ត្រីជនជាតិថៃវ័យចំណាស់ម្នាក់ និង ដកហូតបានថ្នាំញៀន ប្រភេទកូកាអ៉ីន មានទម្ងន់ជិត២ គីឡូក្រាម ប្រព្រឹត្តនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅចំណុចច្រកអ្នកដំណើរមកដល់ ។
មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិថៃ។ គាត់បានដឹកជញ្ជូន នូវ គ្រឿងញៀនឆ្លងដែន ពីប្រទេសម៉ាលី ឆ្ពោះមកកាន់ប្រទេសកម្ពុជា។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ, កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ដកហូតបាន ថ្នាំញៀនប្រភេទកូកាអ៊ីន (COCAINE) មាន ទម្ងន់សុទ្ធ ចំនួន ១៩៨៩.១ក្រាម (ចំនួន ជិត២គីឡូក្រាម) ដែលបង្កប់លាក់ទុកនៅបាតវ៉ាលីរបស់គាត់។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា បច្ចុប្បន្ននេះ, ជនសង្ស័យកំពុងតែឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និង ស្រាវជ្រាវបន្ថែម រកជនពាក់ព័ន្ធ ឬ មេខ្លោង ដែលនៅពីក្រោយទៀត។
ជនសង្ស័យនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅតែព្រហស្បតិ៍ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បាននិយាយថា ករណីនេះ ជនសង្ស័យត្រូវបានជាប់ចោទប្រកាន់ពីបទ « ដឹកជព្ចួាន និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន » តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនរបស់កម្ពុជា ។ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតអស់មួយជីវិត ប្រសិនបើតុលាការរកឃើញ ពី ពិរុទ្ធភាព។
ដោយ រស្មី អាកាស