ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ ចង់ឃើញការចូលរួម ប្រកបដោយការស្ថាបនា ពីអាមេរិក (Video)

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់ក្ដីសង្ឃឹមចង់ឃើញការចូលរួមពីសហរដ្ឋអាមេរិក ប្រកបដោយ ការស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមក។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា បែបនេះធ្វើឡើង ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ រវាង លោក ជាមួយ លោក Derek Chollet ទីប្រឹក្សានៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងជំនួបនេះភាគីទាំងពីរ ​បានពិភាក្សាពីបញ្ហាទ្វេភាគី និងតំបន់ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួម។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «បើទោះបីជាមានបញ្ហាលំបាកខ្លះៗក៏ដោយ កម្ពុជាតែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ដែលកំពុងស្ថិតនៅលើគន្លង ត្រឹមត្រូវ និងរីកចម្រើនលូតលាស់ លើវិស័យជាច្រើនរួមមាន ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល កសិកម្ម វប្បធម៌ ការដោះមីន បេសកកម្មថែរក្សាសន្តិភាព ស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន ក្នុងពេលសង្គ្រាម ការធ្វើមាតុភូមិនិវត្តជនជាតិខ្មែ រពីសហរដ្ឋអាមេរិក និងអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps»។

ទន្ទឹមនឹងការថ្លែងអំណរគុណ ចំពោះសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយដល់កម្ពុជា លើវិស័យនានាប្រមុខការទូតកម្ពុជា បានសម្តែងនូវក្ដីសង្ឃឹមចង់ឃើញការចូលរួមប្រកបដោយ ស្ថាបនា និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលនឹងបង្កើនទំនុកចិត្ត ចំពោះគ្នាទៅវិញទៅមក។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានប្តេជ្ញាបន្តជំរុញទំនាក់ទំនងមិត្តភាព និងពង្រីកកិច្ចសហ ប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យដែលមានសក្តានុពល។

ចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ របស់កម្ពុជា លោក ប្រាក់ សុខុន បានជម្រាបលោក Cholet អំពីអាទិភាពដែលកម្ពុជាបានកំណត់សម្រាប់ឆ្នាំក្រោយ និងបញ្ហាប្រឈមដែលត្រូវ ដោះស្រាយដោយប្រុងប្រយ័ត្ន ដើម្បីពង្រឹងមជ្ឈភាព និងភាពធន់របស់អាស៊ាន ជំរុញកិច្ចខិតខំប្រឹងបេង កសាងសហគមន៍អាស៊ាន និងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងនិងក្រៅតំបន់ អាស៊ីអាគ្នេយ៍។

លោក ប្រាក់ សុខុន ក៏បានសម្តែងអំណរគុណចំពោះការប្តេជ្ញាចិត្ត សសហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពអាស៊ាន និងភាពជោគជ័យ របស់កម្ពុជាក្នុងតួនាទីជា ប្រធានអាស៊ាន ផងដែរ។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈ អំពីការវិវឌ្ឍនៃស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិនានា ដូចជាការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ស្ថានភាពនៅឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា ។ល៕

To Top