សម្តេចធិបតី ៖ សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនដល់ប្រជារាស្រ្ត
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យយ៉ាងច្រើន ក្នុងវិស័យព្រះពុទ្ធសាសនា និងវិស័យសង្គមកិច្ច ។

សារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះរាជឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា សម្តេចធិបតី បានថ្វាយព្រះពរ ព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា វាងវៃត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និង ចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ ដើម្បីទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្តមនោរម្យដល់ប្រជានុរាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតីបន្តថា សម្តេចព្រះមហាក្សត្រី បានចូលរួមចំណែក យ៉ាងថ្លៃថ្លាបំផុតក្នុងការលើកកម្ពស់ការងារមនុស្សធម៌ សុខាភិបាល អប់រំសិក្សាធិការ វប្បធម៌ សុខុមាលភាពសង្គម ការលើកតម្កើងតួនាទីស្ត្រីនិងក្មេងស្រីក្នុងសង្គមកម្ពុជា ជាពិសេសព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ ក្នុងព្រះរាជសកម្មភាពក្នុងវិស័យព្រះពុទ្ធសាសនា និងវិស័យសង្គមកិច្ចនានា ដើម្បីភាពសុខដុមរមនា សម្បូរសប្បាយ និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។
សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមថា សម្តេចព្រះមហាក្សត្រី ជានិច្ចកាល ព្រះអង្គតែងយកព្រះទ័យទុកដាក់ ព្រួយបារម្ភ គិតគូរពីសុខទុក្ខរបស់វីរកងទ័ព ជួរមុខនិងប្រជារាស្ត្រភៀសសឹក ក្នុងគ្រប់កាលៈទេសៈ៕
