ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​បញ្ជា ឲ្យចាប់ខ្លួន និងរឹបអូស ទ្រព្យសម្បត្តិអ្នកកាប់ ដីព្រៃលិចទឹក នៅតំបន់ទន្លេសាប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចាប់ខ្លួនអ្នកកាប់ដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប ហើយរឹបអូសដីព្រៃទាំងនោះយកមកវិញ ព្រមទាំង រឹបអូសទ្រព្យសម្បត្តិពួកគេផងដែរ។

តាមរយៈសារសំឡេង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សមត្ថកិច្ចទាំងអស់ សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូវតែចាប់ខ្លួនចំពោះអ្នកណាដែលបានបំពានច្បាប់ ជាមួយនឹងបទបញ្ញត្តិទាំងឡាយ ដែលធ្លាប់បានដាក់ចេញនាពេលកន្លងមក។

សម្ដេចតេជោ បានបញ្ជាក់ថា «ឯកឧត្តម ឱម យ៉ិនទៀង ដឹកនាំដើម្បីចុះស្រាវជ្រាវ តើមន្ដ្រីណាខ្លះ ដែលមានការពាក់ព័ន្ធ ដើម្បីរៀបចំនូវសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសទាំងអស់ រាជរដ្ឋាភិបាល ពិតជាមានការនឿយហត់ យើងគ្មានឱកាសដើម្បីអប់រំទៅលើបញ្ហាដែលអ្នកទាំងនេះធ្វើទៀតទេ។ សូមចង់ចាំឲ្យច្បាស់ថា យើងពុំមានពេលអប់រំទេ ប៉ុន្ដែច្បាប់ទើបអាចដោះស្រាយបាន ត្រូវចាប់បញ្ជូនទៅកាន់តុលាការ នូវជនទាំងឡាយណា បើសិនជាគេជាមន្ដ្រី ដើម្បីដកហូតត្រឡប់មកវិញ រហូតដល់រឹបអូសនូវសម្បត្តិទាំងឡាយ ដែលពួកគេមាន ដែលមានចេញមកពីការល្មើសច្បាប់ នៅក្នុងក្របខណ្ឌ នៃការកាប់ព្រៃលិចទឹកក្នុងតំបន់ទន្លេសាបនេះ»។

សម្ដេចតេជោ ក៏បានបញ្ជាឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីជៀសវាងរបាយការណ៍ខុសគ្នា។ សម្ដេច ថា លើកលែងតែក្រុម លោក សៅ សុខា ចេញដំណើរទៅមុនគេ ដើម្បីធ្វើការបង្ក្រាបឲ្យទាន់ពេលវេលា បន្ទាប់មកទៀត ក្រុមអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចុះទៅធ្វើការស្រាវជ្រាវ។

សម្ដេចតេជោ បានណែនាំដល់អភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធខាងលើនេះ ឲ្យបានត្រឹមត្រូវបំផុត។ សម្ដេច សង្ឃឹមថា ថ្នាក់ខេត្ត ថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធ ត្រូវចាត់វិធានការឲ្យបានឆាប់បំផុត។ សម្ដេច បញ្ជាក់ថា ត្រូវដកត្រឡប់មកវិញទាំងអស់នូវដីណាដែលបានកាប់បំផ្លាញ ដោយមិនអនុញ្ញាតឲ្យបង្កបង្កើនផលលើដីទាំងនោះទៀតឡើយ ត្រូវយកមករក្សាទុក ហើយដាំដើមឈើឡើងវិញ សម្រាប់ទុកត្រីពង។

សម្ដេចតេជោ បានបន្ដថា ចំពោះអ្នកដែលប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះច្បាប់ឲ្យខាងតែបាន ព្រោះថា នាពេលកន្លងមក បានធ្វើការអប់រំចំពោះពួកគេរួចមកហើយ ចំពោះការផលវិបាកទាំងនេះ ហេតុអ្វីនៅមានមន្ដ្រីទាំងនេះទៀត?។ សម្ដេចថា បើចង់បន្ធូរបន្ថយទោស ត្រូវចេញមកសារភាពដោយខ្លួនឯង។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ខ្ញុំ ក៏សូមប្រាប់ទៅមន្ដ្រីទាំងឡាយ ដែលបានអនុវត្តខុស បើសិនជាចង់បន្ធូរបន្ថយទោស ក៏ត្រូវចេញមកសារភាពជាបន្ទាន់  បើមិនចេញសារភាពជាបន្ទាន់ទេ ខ្ញុំសូមឲ្យចេញទៅអនុវត្តចាត់វិធានការដោយម៉ឺងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្ដង សម្រាប់ដាក់ទោសតាមច្បាប់ ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លី នៅហ្នឹងកន្លែងទេ ទ្រព្យសម្បត្តិពួកគេមាន ដែលបានមកអំពីដីធ្លី ដែលពួកគេបំផ្លាញនេះ ត្រូវធ្វើការដកហូត ដូច្នេះហើយ អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវចេញធ្វើសកម្មភាព ដើម្បីស្រាវជ្រាវ»។

សម្ដេចតេជោ ប្រកាសមិនអន់ឱនបានឡើយ ស្របពេលរាជរដ្ឋាភិបាល កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បែរជាមានមន្ដ្រីមួយចំនួន ធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ ចំពោះច្បាប់ប្រទេសជាតិ។ សម្ដេច ថា «ពួកគេដេកគុក ប្រសើរជាងធ្វើមន្ដ្រី» ហើយកុំនិយាយថា «ធ្វើការងារជូនរដ្ឋ និងគណបក្ស យូរហើយ មិនយោគយល់» សម្ដេច ឆ្លើយវិញថា «គ្មានការយោគយល់ណាមួយ ចំពោះអំពើល្មើសច្បាប់ឡើយ»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់តំបន់ការពារព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប ត្រូវចាកចេញភ្លាមៗ ជៀសវាងការចាប់ខ្លួន។ ប៉ុន្ដែមន្ដ្រីថ្នាក់ស្រុក ថ្នាក់ខេត្ត មិនរួចខ្លួនឡើយ ត្រូវចេញមកសារភាព ហើយប្រគល់ដីធ្លីជូនរដ្ឋវិញ៕

To Top