ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីឡាវ បានធ្វើដំណើរ​មកដល់កម្ពុជា

ភ្នំពេញ ៖ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ មកដល់កម្ពុជាហើយ នៅម៉ោងប្រមាណជា ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ វិច្ឆិកា ។

លោកនាយរដ្ឋមន្រ្តី បំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល២ថ្ងៃ (២៩-៣០ វិច្ឆិកា)។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។

លោក ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសម ចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភា។

ទន្ទឹងនឹងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សា លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ។

ដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រ្តីឡាវនេះ ក្នុងអំឡុងពេលកម្ពុជា កំពុងបើកប្រទេសឡើងវិញ ដោយនឹងរួមចំណែកក្នុងការបន្តពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ៕

To Top