ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវដល់ដៃគូនានា ធ្វើយ៉ាងឲ្យកម្ពុជារួចផុត ពីការគំរាមកំហែង ដោយសារមីនត្រឹមឆ្នាំ២០២៥

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់គូអភិវឌ្ឍនានា ផ្ដល់កិច្ចសហការជាមួយ អាជ្ញាធរមីនកាន់តែខ្លាំងក្លា ដើម្បីឲ្យកម្ពុជារួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥។

តាមរយៈ សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនចំពោះ «មិត្តវិស័យមីន» នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានទទួលនូវសិទ្ធិ និងសេរីភាពនៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នាចុងឆ្នាំ១៩៩៨ កម្ពុជាបានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិពាសពេញផ្ទៃប្រទេសជាមួយ នឹងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោ បន្ដថា ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជននិងប្រទេសជាតិ។ សម្ដេច ថា កម្ពុជា បានធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយជោគជ័យគួរជាទីមោទន ដោយប្រជាជនកម្ពុជា ក៏ដូច ជាសហគមន៍អន្តរជាតិ បានទទួលស្គាល់ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឲ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបន្តបន្ទាប់។

សម្ដេចតេជោ ក៏អរគុណចំពោះដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្ល និងមានតម្លៃ ជាថវិកា ឧបករណ៍សម្ភារៈ និងការកសាងសមត្ថភាព សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិត ការកាត់ បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ច សង្គម។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្ដល់កិច្ចសហការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លា ជាមួយអាជ្ញាធរមីន ដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឲ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីន ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។ យើងទាំងអស់គ្នា បានចាប់ផ្ដើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នា ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមី នឆ្នាំ២០២៥»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏អរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការបោសសម្អាតមីនលើទឹកដីកម្ពុជា ពោរពេញដោយបទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូន បងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការរំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ៕

To Top