ព័ត៌មានជាតិ

មីយ៉ាន់ម៉ារង់ចាំធ្វើការ ជាមួយប្រេសិតពិសេស របស់ប្រធានអាស៊ាន លើការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច

ភ្នំពេញ៖ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអះអាងថា មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើង នូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពី លទ្ធផលនទស្សនកិច្ចការងាររបស់ លោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឱ្យដឹងថា
ក្នុងដំណើរទស្សនកិច្ចនេះ លោក វុនណា ម៉ោងល្វីន បានចូលជួបសម្តែងការគួរសម ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នា យ៉ាងទូលំទូលាយ អំពីទំនាក់ទំនងទ្វេភាគី និងការ វិវត្តនៃស្ថានការណ៍ក្នុងតំបន់នាពេលថ្មីៗនេះ។ ជាមួយគ្នានេះដែរ ក៏មានការពិភាក្សាដោយត្រង់ទៅ ត្រង់មក អំពីវិធីដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែង ក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ក៏ដូចជាការពង្រឹង មជ្ឈភាព និងសាមគ្គីភាពអាស៊ាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមទទួលការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២ ។

ក្នុងជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន និង លោក វុនណា ម៉ោងល្វីន កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើ បញ្ហាអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោករដ្ឋមន្ត្រី ការបរទេសមីយ៉ាន់ម៉ា បានអបអរសាទរកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ ហើយបាន សម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាទិភាពនិងគម្រោងសមិទ្ធផលរបស់កម្ពុជា។

ទន្ទឹមនឹង ការវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំមេដឹកនាំអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១ មីយ៉ាន់ម៉ា ទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួល ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានដើម្បី អនុវត្តនូវការព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរឡើងនូវដំណើរការ ផ្តល់ជំនួយមនុស្សធម៌។

ស្ដីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក វុនណា ម៉ោង ល្វីន បានថ្លែងអំណរគុណជំនួយជាថវិកា និងសម្ភារៈដែលកម្ពុជាបានផ្តល់យ៉ាងទាន់ពេលវេលា ដើម្បីរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងការគ្រប់គ្រង និងកាត់បន្ថយ ផលប៉ះពាល់ធ្ងន់ធ្ងរតីជំងឺកូវីដ-១៩នៅក្នុងប្រទេស។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់មីយ៉ាន់ម៉ា ដែលបានផ្តល់វ៉ាក់សាំងការពារជំងឺកូវឹង-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា និងបានស្នើសុំ ឱ្យប្រទេសមីយ៉ាន់ម៉ា បន្តផ្តល់ជំនួយចាំបាច់ សម្រាប់ការស្នាក់នៅរបស់ពួកគេ។

ភាគីទាំងពីរបាន ឯកភាពបង្កើនការងារជំរុញ នូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាពាណិជ្ជកម្មសេដ្ឋកិច្ច ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី៕

To Top