នយោបាយ

សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច!

ភ្នំពេញ៖ និយាយក្នុងន័យធៀប និងឌឺដងទៅកាន់ មហាអំណាចអាមេរិក លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច ដោយគ្រាន់តែខ្សឹបដាក់ត្រចៀក! ។

ការលើកឡើង របស់លោក សយ សុភាព បែបនេះស្របពេលដែលសហរដ្ឋអាមេរិក បានប្រកាសបន្ថែមទណ្ឌកម្មលើមន្រ្តីខ្មែរ ក៏ដូចជាការបន្ថែម វិធានការកំណត់ថ្មីលើការនាំចេញ និងនាំចេញឡើងវិញ នូវប្រភេទទំនិញរសើប របស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់ លក់អាវុធនិងសម្ភារៈយោធា ដល់កម្ពុជា ដោយក្រោមហេតុផល ថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាត បង្កើនវត្តមាន យោធាចិន ក្នុងប្រទេសកម្ពុជា។

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «សាហាវដូចតោ ខ្លាំងដូចដំរី មិនគួរមកចាញ់សុច ដោយគ្រាន់តែខ្សឹបដាក់ត្រចៀក! ជាភូមិសាស្ត្រនយោបាយ អ្នកឯងសាងបាបកម្ម លើកម្ពុជាច្រើនណាស់។ អ្នកធ្វើពុតដូចជាស្រឡាញ់អាណិត ប្រជាជនកម្ពុជា តែធាតុពិតអ្នកឯងចាញ់កលល្បិច សត្រូវរបស់អ្នកជា លើកទី២តែប៉ុណ្ណោះ» ។

លោក សយ សុភាព និយាយក្នុងន័យធៀបថា «មិននឹកស្មានថាអ្នកខ្លាំងដូចតោ តែមកចាញ់ត្រឹមកូនឆ្កែចចកទើបចេះរត់។ ខ្លាំងដូចដំរី មិននឹកស្មានថាចាញ់សត្វ សុចដោយគ្រាន់តែខ្សិបដាក់ត្រចៀក»។

លោកបន្តថា ការពិតអ្នកមិនដែល មានកម្ពុជាក្នុងកែវភ្នែក ម្តងណាទេ ហើយក៏មិនមានន័យថា អ្នកឯងស្រលាញ់បក្សប្រឆាំងដែរ តែអ្នកឯងបោកប្រាស់ពួក យើងទាំងអស់ដើម្បី តែស្រីកំណាន់ របស់អ្នកឯងទេ។ អ្នកឯងបានលួច មកលេងផ្ទះស្រីស្នេហ៏ម្តងៗ សប្បាយណាស់ ហើយ មិនរៀងទៀត។ កុំភ្លេចគេមិនស្មោះ ជាមួយ អ្នកឯងទេ។

ជាការដាស់តឿនដល់អ្នកនយោបាយខ្មែរ លោក សយ សុភាព ផ្ដាំថា «ឱ ខ្មែរប្រឆាំង ងុបងល់អើយ! គេមិនបូជា សម្រាប់អ្នកទេ គេញុះញង់ឱ្យយើងឈ្លោះគ្នា តែគេថ្នមស្រីស្នេហ៏របស់គេ មិនឱ្យ ប៉ះ សូម្បីតែមានរំពាត់តូចៗ ទុកប្រដៅកូនចៅ ក៏គេថាយើង ទុក វៃស្រីស្នេហ៏របស់គេដែរ ឬគេចោទថា មានអ្នកមកសង់ខ្ទមនៅក្រោយផ្ទះ ចង់បំផ្លាញស្រី របស់គេដែរ»។

លោកបន្ថែមថា ហេតុតែយើងក្រ ផ្ទះតូច ហើយ អ្នកល្ងង់នៅក្នុងផ្ទះរត់ទៅយំ តំអូញប្តឹង និង រាយការណ៏ តែធាតុពិតអ្នកបានឱ្យគ្រួសារ របស់យើងឈ្លោះគ្នា រងទឹកភ្នែករហូត ដោយសារ តែស្រីស្នេហ៏ របស់អ្នកឯង។ យើងក្រ តែយើងស្មោះត្រង់ មិនដែលទាល់តែសោះ សូម្បីតែបន្តិចឱ្យអ្នកផ្សេងមកសង់ខ្ទម លួចឃ្នាំមើលស្រីស្នេហ៏របស់អ្នកឯង។

និយាយក្នុងន័យ ភូមិសាស្ត្រនយោបាយ អ្នកឯងមិនត្រូវការយើងទេ ហើយកុំយកពាក្យប្រជាធិបតេយ្យ សិទ្ធិមនុស្ស ពុករលួយ។ល។ មកប្រើជាលេស ធ្វើបាបទៀត។ យើងមិនចង់រងគ្រោះដោយសារ សង្រ្គាមត្រជាក់ របស់ពួកមហាអំណាច លើកទី៣ និង ទី៤ទេ។ ខ្មែរសុំរស់នៅ យកតែក្តីសុខសន្តិភាព ដែល មេដឹកនាំរបស់យើងខិតខំកន្លងមក។ ៩ វិច្ឆិកា ១៩៥៣ -២ ធ្នូ ១៩៩៨។

លោក សយ សុភាព បន្តថា ជាការពិតអ្នកឯងមិនហ៊ានរករឿងអ្នកភូមិក្បែរយើងទេ ដោយសារស្រីស្នេហ៏ របស់អ្នកឯងប្រាប់ថា មានប្អូនទៅនៅជាមួយនិង យក អាសារបាន តែសម្រាប់យើង គេពិតទូ ព្រឹកល្ងាចឱ្យស្អប់យើងរាល់ថ្ងៃ។ អ្នកត្រូវគិតថា ជាតិសាសន៏ របស់អ្នកឯង កើតក្រោយយើងទេ យើងធ្លាប់ជាអាណាចក្រ ហើយយើងក៏មិនចេះតែឱ្យស្រីស្នេហ៏អ្នកឯងចាក់រុកពីយើងដែរ។ ជាភូមិសាស្ត្រនយោបាយ យើងត្រូវការចិន បើមិនអញ្ជឹងទេ រាហ៊ូចាប់ចន្ទ លេបយើងអស់ហើយ។ បើកុំបាន ប្រ៊ី និងមិត្តចិន ម៉េះយើងលំបាកណាស់។

លោក សយ សុភាព បានអំពាវនាវ សូមបងប្អូនខ្មែរ ត្រូវស្រលាញ់ មេដឹកនាំរបស់យើង ហើយមើលឱ្យជ្រៅជាងទឹកសមុទ្រ កំពង់សោម។ យើងត្រូវសាមគ្គីថែរក្សា ទឹកដី របស់ដូនតាយើង មិនឱ្យសត្រូវមើលងាយ ដាច់ខាត។ មកដល់ពេលនេះ ខ្មែរគួរគិតគូជាមួយអាមេរិក លើបញ្ហាគ្រាប់បែកគីមី ដែលអាមេរិកបានទម្លាក់ សម័យសង្រ្គាមវៀតណាម ១វិច្ឆកា ១៩៥៥- ៣០ មេសា ១៩៧៥ ឬ សង្រ្គាមឥណ្ឌូចិន លើកទី២។ វៀតណាមជាបងធំពេលនោះ។ សូមកូនខ្មែរត្រូវដឹងថា អាមេរិកខ្លាចខ្មែរ រករឿងតែមួយគត់ គឺ គ្រាប់បែកគីមី ២លាន ៧សែនតោន។

និយាយពីបញ្ហាទម្លាក់គ្រាប់បែកគីមី ពីសំណាក់សហរដ្ឋអាមេរិក នៅលើទឹកដីខ្មែរ ក្នុងសង្គ្រាមវៀតណាម ក្នុងនាម ជាកូនខ្មែរ និង ជាអ្នកសារព័ត៌មានម្នាក់ លោក សយ សុភាព បានឲ្យដឹងថា អាមេរិកនៅបារម្ភ រឿង នេះណាស់ ហើយកន្លងទៅបានពឹងពាក់ប្រទេសនៅអាស៊ីមួយ ឱ្យមកជួយនិយាយជាមួយខ្មែរ កុំឱ្យខ្មែរ លើកបញ្ហានេះ។ តែឥឡូវ ពេលវេលាបានមកដល់ហើយ យើងត្រូវទប់ទល់ និង វាយបកវិញ។ រឿងនេះធ្ងន់ជាង អាមេរិកដាក់ទណ្ឌកម្ម លើខ្មែរទៀត។

លោក សយ សុភាព ផ្ដាំថា «សូមកុំសុបិន្តឱ្យសោះថា គេស្មោះយើង គេមិនដេកភ្លេចទេ តែគេ ក្រាបចាំមើល ឱកាសតែប៉ុណ្ណោះ»៕

To Top