ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២១ CMAC រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់ ចំនួន៩១.៩១៩.៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង៩២% នៃផែនការ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ចំនួន៨២.១៣៨គ្រាប់។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ ធ្នូ លោក ហេង រតនា បានថ្លែងថា លទ្ធផលការងារគ្រប់មុខ ព្រួញរបស់អង្គភាព CMAC ក្នុងរយៈពេល១១ ខែមករា-វិច្ឆិកា ឆ្នាំ២០២១នេះ ទទួលលទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់ បើទោះជាស្ថិតក្នុងបរិបទសកល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ។
លោកបញ្ជាក់ថា «ក្នុងនោះកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម រំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបទំហំ ៩១.៩១៩.៩៧២ម៉ែត្រក្រឡា ស្មើនឹងជាង៩២% នៃផែនការ ដោយរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះគ្រប់ប្រភេទសរុប ចំនួន៨២.១៣៨គ្រាប់ ។ ក្នុងនោះ គ្រាប់មីនប្រឆាំងមនុស្ស ចំនួន១៦.១៣៨គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៣២៣គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ ៣៩គ្រាប់ គ្រាប់បែកចង្កោម ៨.០៩០គ្រាប់ មីនច្នៃចំនួន១៧គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទមានចំនួន ៥៧.៥៣១គ្រាប់»។
លោកបន្ដថា រយៈពេល ១១ខែ នេះ CMAC និងបណ្តាញស្ម័គ្រចិត្តតាម ភូមិ-ឃុំ-ស្រុក ក៏បានចុះធ្វើការផ្សព្វផ្សាយអប់រំ ការយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានជាង ១៦,០០០លើក ដោយចុះជួបតាមខ្នងផ្ទះជាង ៦០០,០០០ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមជិត ១លាននាក់។ ជាមួយគ្នានេះដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋបានរាយការណ៍ និងបានកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជិត១៥,៤០០គ្រាប់ និងអាវុធធុនស្រាលមួយចំនួនផងដែរ ៕