ព័ត៌មានជាតិ

កាមេរ៉ា ចាប់ល្បឿន លើផ្លូវជាតិលេខ៣ កំពុងប្រើប្រាស់ សាកល្បង

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿន លើផ្លូវជាតិលេខ៣ កំពុងត្រូវបានប្រើប្រាស់ សាកល្បង ដើម្បីតាមដាន និងការពារសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ បើកបរតាមដងផ្លូវ ។

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ជាប្រធានគ្រប់គ្រង គម្រោងសាងសង់ ផ្លូវជាតិលេខ៣ បានដឹកនាំគណៈប្រតិភូ ដែលរួមមានថ្នាក់ ដឹកនាំពាក់ព័ន្ធ នៃក្រសួង សាធារណការ និងដឹកជញ្ជូន ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ នគរបាលជាតិ តំណាងក្រុមហ៊ុន CBRC និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារ កាមេរ៉ាចាប់ល្បឿន ដើម្បីដាក់ដំណើរការសាកល្បង ចាប់ពីពេលនេះតទៅ ។

កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឲ្យមន្រ្តីជំនាញដឹង នូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរ មិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាព ក្នុងការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ លើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ការបំពាក់កាមេរ៉ាចាប់ល្បឿន និងភ្លើងសញ្ញាចរាចរណ៍ ឆ្លាតវៃលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើម របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរារណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរារណ៍ផ្លូវគោក។

កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡើងពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង ។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿន ១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់ លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិកាជាតិ និងប៉ះពាល់ដល់អាយុជីវិត អ្នកធ្វើដំណើរ ៕

To Top