ព័ត៌មានជាតិ

បេក្ខជនពាក់ព័ន្ធ អ្នកជំងឺកូវីដ១៩ ត្រូវមកដល់មណ្ឌលប្រឡង មុនគេ ដើម្បីរៀបចំ ឱ្យមានការប្រឡង ដាច់ដោយឡែក

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី បទប្បញ្ញត្ដិ និងកម្រិតវិន័យ ចំពោះបេក្ខជន ក្នុងការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលបានកំណត់យកថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ ដោយបេក្ខជន ត្រូវមានលិខិត បញ្ជាក់អវិជ្ជមានជំងឺកូវីដ១៩ ហើយ សម្រាប់បេក្ខជន ជាប់ពាក់ព័ន្ធ ជាមួយអ្នកកើតជំងឺកូវីដ១៩ ត្រូវទៅកាន់មណ្ឌលប្រឡង ឱ្យបានមុនគេ ដើម្បីរៀបចំឱ្យមានការប្រឡង ដាច់ដោយឡែក ។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡាបានចេញនាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលទើបចេញផ្សាយផ្លូវការ បានឱ្យដឹងថា ក្នុងការដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូខាងមុខនេះ បេក្ខជន ត្រូវអនុវត្ដន៍ដូចជា ត្រូវធ្វើស្វ័យប្រកាស ចំពោះបេក្ខជន ដែលបានប៉ះពាល់ផ្ទាល់ជាមួយ អ្នកវិជ្ជមានជំងឺកូវីដ១៩ និងនៅក្នុងកំឡុងពេលធ្វើចត្តាឡីស័ក យ៉ាងតិចមួយថ្ងៃមុន ដំណើរការសំណេរ បេក្ខជនត្រូវទៅស្ទង់កម្ដៅ និងត្រួតពិនិត្យសុខភាព នៅតាមមណ្ឌលសំណេរនីមួយៗ នាថ្ងៃទី២៦ ខែធ្នូ និងត្រូវធ្វើតេស្ដរហ័សរកអង់ទីហ្សែន មេរោគកូវីដ១៩ ចំពោះបេក្ខជនប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ និងស្ថិតនៅក្នុងកំឡុង ពេលចត្តាឡីស័ក និងបេក្ខជនមានកម្ដៅលើសពី ៣៧,៥អង្សាសេ ឬមានរោគសញ្ញាផ្សេងៗ ដូចជា ក្អក ហៀរ សំបោរ ឈឺបំពង់ករ ពិបាកដកដង្ហើម នៅទីតាំងសុខាភិបាលរាជធានី ខេត្ដនិងត្រូវយក លិខិតបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ១៩ ពីភ្នាក់ងារសុខាភិបាល មកបង្ហាញនៅមណ្ឌលប្រឡងវិញ ដើម្បីទទួលបានការអនុញ្ញាត ឱ្យចូលប្រឡង ។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបញ្ជាក់ថា« សម្រាប់បេក្ខជន ដែលមាន ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ឬកំពុងស្ថិត នៅក្នុងកំឡុង ពេលធ្វើចត្តាឡីស័ក ត្រូវមកដល់មណ្ឌល ប្រឡងឱ្យបានមុនបេក្ខជនទូទៅ ដើម្បីទទួលការស្ទង់កំដៅ និងឆែកឆេរសំណៅ ឯកសារមុនគេ និងដាក់ដាច់ដោយឡែកពីគេ» ។
បេក្ខជនត្រូវបង្ហាញស្ទីកឃ័រពណ៌ខៀវ (បញ្ជាក់កម្ដៅធម្មតា) ដែលភ្នាក់ងារ សុខាភិបាលបានបិទលើអត្តសញ្ញាណ បេក្ខជន ប័ណ្ណសម្គាល់ខ្លួនសិស្ស ឬសលាកបត្រឯកត្តជន ក្នុងពេលវ៉ាស់កម្ដៅ និង ត្រួតពិនិត្យសុខភាព នៅតាមមណ្ឌលសំណេរនីមួយៗ ។

ដើម្បីការពារសុវត្ថិភាព សុខភាពពីជំងឺកូវីដ១៩ នាពេលប្រឡងបេក្ខជន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ជាប្រចាំ នៅក្នុងមណ្ឌលប្រឡង រក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១ម៉ែត្រកន្លះ និងហាមឃាត់ការប៉ះពាល់គ្នា ដោយផ្ទាល់ដូចជា ការចាប់ដៃ ឬប្រើប្រាស់របស់របររួមគ្នា ត្រូវអនុវត្ដការរក្សាអនាម័យ ឱ្យបានត្រឹមត្រូវ ពិសេសលាងដៃរៀង រាល់ពេលសម្រាក និងចៀសវាងយកដៃប៉ះលើផ្ទៃមុខផងដែរ៕

To Top