ព័ត៌មានជាតិ

ស្រ្តីជាប់ចោទ ជនជាតិ វ៉េណេស៊ុយអេឡា ម្នាក់ សុំអោយតុលាការកំពូល បន្ធូរបន្ថយទោស ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ឆ្លងដែនជិត ១គីឡូកន្លះ

ភ្នំពេញ: តុលាការកំពូល កាលពីថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡា ម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តកាលពីអំឡុង ខែ កញ្ញា ឆ្នាំ ២០១៦។

លោកអឿង សៀង ជាចៅក្រម តុលាការកំពូល បានថ្លែងអោយដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Adelys Paola Loupez Alviarez ភេទ ស្រី អាយុ ២៨ ឆ្នាំ ជាជនជាតិ វ៉េណេស៊ុយអេឡា។

ជនជាប់ចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៨ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ: ជួញដូរ និង ដឹកជញ្ជូន ដោយខុសច្បាប់ នូវ សារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

តែនាងបានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍ បានសម្រេចតម្កល់ទោសរបស់នាងរក្សាទុកនៅដដែល។ នាង ក៏បានសម្រេចប្តឹងសារទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាតិចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន ថ្នាំញៀន ប្រភេទកូកាអ៉ីន ទម្ងន់សរុប ១៤៤៩, ៤៣ ក្រាម។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ Adelys Paola Loupez Alviarez បានទទួលស្គាល់កំហុស តែនាងបានសំណូមពរ និង សុំអោយក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ តុលាការកំពូល មេត្តាករុណា ប្រោសប្រណី និង អាណិតអាសូរ ដល់រូបនាង ជួយបន្ធូរបន្ថយទោសខ្លះ ដល់រូបនាងផង ដើម្បីនាងឆាប់បានវិលត្រឡប់ ទៅជួបជុំនឹងឪពុកម្តាយ និង សាច់ញាតិ របស់នាងនៅឯ ប្រទេសរបស់នាងវិញ។

តុលាការកំពូល នឹងប្រកាសដីកា លើ សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២២។ ដោយ រស្មី អាកាស

To Top