ព័ត៌មានជាតិ

សម្ដេចតេជោ នឹងអញ្ជើញបើកការដ្ឋាន សាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅថ្ងៃស្អែក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ។ នេះបើយោងតាម ក្រសួងសាធារណការនិងដឹកជញ្ជួន។

ក្រសួង បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល  ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជួន នៅថ្ងៃទី០២ ខែមករាឆ្នាំ២០២២ បានដឹកនាំក្រុមការងារជំនាញបច្ចេកទេសចុះពិនិត្យការត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ  ។

ការចុះពិនិត្យ នេះដើម្បីត្រៀមរៀបចំ ពិធីប្រកាស បើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងគោលបំណងដើម្បីធានាឱ្យដំណើរការកម្មវិធីនេះ អាចប្រព្រឹត្តឡើងបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។ 

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវនេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះរួមមាន៖ ផ្លូវពីរគន្លងមានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ ផ្លូវ ៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី១៨,៥ ម៉ែត្រដល់ ២១,៥ម៉ែត្រ៕

To Top