ព័ត៌មានជាតិ

វេទិកាអ្នកសារព័ត៌មាន

នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាអ្នកសារព័ត៌មាន នៅសាលសេរីភាពនាទីស្តីការគណ:រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

វេទិកាផ្តោតសំខាន់លើការផ្លាស់ប្តូរ បទពិសោធន៍របស់អ្នកសារព័ត៌មាន និងកិច្ចការរដ្ឋ។ ក្នុងនោះរួមមាន លំហូរព័ត៌មានសេរី ការទទួលព័ត៌មាន ដើម្បីផលប្រយោជន៍សាធារណជនទូទៅ វេទិកាអាស៊ាន រួមទាំងបច្ចុប្បន្នភាពរបស់អ្នកនាំពាក្យ។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ពន្យល់ពាក់ព័ន្ធសារព័ត៌មានសេរី និងការទទួលខុសត្រូវ ការផ្តល់ព័ត៌មានពិត ព័ត៌មានស៊ើបអង្កេតនិងបញ្ហាប្រឈម អ្នកសារព័ត៌មាន និងការចូលរួមកសាងអភិវឌ្ឍន៍សង្គម ការបើកទ្វារចំហររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង តាមរយៈ Pages ដើម្បីទទួលដឹង និងយកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ប្រយោជន៍រកដំណោះស្រាយសមស្របបញ្ចប់ទំនាស់ ក្រុមអ្នកសារព័ត៌មាន Yellow reporters និងយុទ្ធនាការបង្កើនសមត្ថភាព អ្នកសារព័ត៌មាន តាមរយៈពាក្យគន្លឹះសំរាប់វេទិកាអាស៊ាន ក្នុងឆ្នាំ២០២២។

ចំណែកលោក សំបូរ មកពីសារព័ត៌មាន CCTime បានលើកឡើងអំពីការប្រកួតប្រជែងវិស័យ ព័ត៌មានរបស់អាស៊ាន និងគាំទ្រនយោបាយសម្តេច ហ៊ុន សែន ចំពោះសមាជិកភាព ទាំង១០ដោយពុំអាចខ្វះចន្លោះប្រទេសណាមួយ មុននឹងចេញសេចក្តីថ្លែងការណ៍អាស៊ាន។ ដោយឡែកកញ្ញា ជា ចាន្ធី តំណាងវិទ្យុវាយោ FM អ្នកស្រី វ៉ាយ វត្តី តំណាងសារព័ត៌មាន យុវវ័យ២១ (Youths 21) និងកញ្ញា ប៉ា សុខហេង អ្នកយកព័ត៌មានវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ផ្តោតសំខាន់ និងត្អូញត្អែរពាក់ព័ន្ធបញ្ហាការផ្តល់បទសម្ភាសន៍ជាមួយប្រភព អ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោក សយ សុភា និពន្ធនាយក អង្គភាពសារព័ត៌មានដើមអម្ពិល (DAP) បានរំលឹកអំពីប្រវត្តិនៃការចូលប្រឡូក ក្នុងវិស័យសារព័ត៌មានរយៈពេលជាង២ទសវត្សរ៍ រួមទាំងបទពិសោធន៍ការងារជាក់ស្តែង និងបញ្ហាប្រឈម។ ជាមួយគ្នានោះលោក សយ សុភា បានលើកឡើងអំពីនយោបាយវាយផង ចរចាផងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងសម័យសង្រ្គាម ដោយផ្សាភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅប្រទេសភូមា នាពេលឆាប់ៗខាងមុខ។ លោកសយ សុភា ចាត់ទុកសម្តេច ហ៊ុន សែន ជាវីរៈបុរសដ៏អស្ចារ្យ និងជាមនុស្សទេព។

ក្រុមអ្នកសារព័ត៌មាន បានសំណូមពរទៅលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាអាស៊ាន ជាមួយអ្នកជំនាញប្រទេសអាស៊ាន ជាសមាជិក ការចែករំលែកព័ត៌មាន ជាពិសេសសំណើរសុំជួយជំរុញ និងលើកទឹកចិត្តអ្នកនាំពាក្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន អោយបានទាន់ពេលវេលា ក្នុងគោលបំណងបង្កភាពងាយស្រួល ក្នុងការផលិតព័ត៌មាន អោយមានតុល្យភាព៕

ដោយ: ស្ទីវិន សាន់

លោក សយ សុភា និពន្ធនាយក សារព័ត៌មាន ដើមអម្ពិល
លោក ស្ទីវិន សាន់
លោក សំបូរ មកពីសារព័ត៌មាន CCTime 
To Top