ព័ត៌មានជាតិ

កម្ពុជា-បារាំង ចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា និងលោក ប៉ឺឡេ ហ្សាក់ (PELLET Jacques) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។

យោងតាមក្រសួងអប់រំបានឲ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ច សហប្រតិបត្តិការ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង “ទន្លេសាប” ត្រូវបានរៀបចំឡើង ដោយមានគោលដៅសំខាន់ៗ លើការជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរនៅក្នុងស្ថាប័នសាធារណៈ ។ លើកទឹកចិត្តក្នុងការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មី ក៏ដូចជា ការអភិវឌ្ឍគំនិតច្នៃប្រឌិត ឧត្តមភាព និងពង្រឹងសមត្ថភាពក្នុងចំណោម យុវអ្នកស្រាវជ្រាវ ។ ជំរុញការផ្លាស់ប្ដូររវាងអ្នកស្រាវជ្រាវ តាមរយៈការគាំទ្រភាពចល័តរបស់ពួកគេ រវាងប្រទេសទាំងពីរ និងអភិវឌ្ឍន៍នូវភាពស៊ីចង្វាក់គ្នា រវាងសហគមន៍វិទ្យាសាស្ត្រទាំងពីរ ដើម្បីបង្កើតប្រព័ន្ធកិច្ចសហប្រតិបត្តិការ ប្រកបដោយចីរភាព ។

ក្នុងន័យនេះ កម្មវិធីភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង “ទន្លេសាប” នឹងផ្ដោតលើវិស័យនានាដែលបង្ហាញនូវអាទិភាព និងយកចិត្តទុកដាក់ ជាពិសេសលើវិស័យមួយចំនួន ដូចជា សេដ្ឋកិច្ច និងបច្ចេកវិទ្យាឌីជីថល កសិកម្មអនុវត្ត ជីវបច្ចេកវិទ្យា និងជីវវិទ្យាសាស្ត្រ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល ព័ត៌មានវិទ្យា វិទ្យាសាស្ត្របរិស្ថាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ និងគរុកោសល្យនវានុវត្តន៍ ៕

To Top