ព័ត៌មានជាតិ

បរិមាណ ប្រើប្រាស់ទឹកស្អាត នៅខេត្តកែប មានការកើនឡើង ជិតកន្លះលាន ម៉ែត្រគូប


ភ្នំពេញ៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ខេត្តកែប លោក ប៊ុន យោង បានឲ្យដឹងថា ចំនួនបរិមាណទឹកនៃការប្រើប្រាស់ នៅក្នុងខេត្តកែប មានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ ២០២១ ធៀបទៅនឹងឆ្នាំ ២០២០ និង២០១៩។


ថ្លែងប្រាប់មជ្ឈមណ្ឌលព៍ត៑មាន ដើមអម្ពិល នៅល្ងាចថ្ងៃ ពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០២២ បានឱ្យដឹងថា ការកើនឡើងនេះ គឺដោយសារតែមានការពង្រីកចំនួនតំណរ បានយ៉ាងច្រើនរហូតដល់ទៅ ១៧៥៨ ដែលមានការកើនឡើងធៀបទៅនឹងឆ្នាំ ២០១៩ មានតែ ២៦៥ តែប៉ុណ្ណោះ។


ប្រធានមន្ទីរបានលើកឡើងផងដែរថា ការកើនឡើងនូវបរិមាណទឹកនេះ គឺដោយសារតែកិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ ក្រោមការដឹកនាំរបស់លោកបណ្ឌិតកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ដែលបានរួមចំណែកដល់ការគាំទ្រយ៉ាងពេញទំហឹង ដល់មន្ទីរឧស្សាហកម្ម ខេត្តកែប។


លោកបានមានប្រសាសន៍បន្ថែមផងដែរថា ចំនួនប្រើប្រាស់ទឹក នៅឆ្នាំ២០២១ មានចំនួន ៤៥០ ៤៥៧ ម៉ែត្រគូប រីឯឆ្នាំ២០២០ មានចំនួន ១៩៦ ៤១៧ ម៉ែត្រគូប ខណឆ្នាំ២០១៩ មានតែ៣០ ៣៧២ ម៉ែត្រគូប តែប៉ុណ្ណោះ។

កែប ជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានផ្ទៃដី គោកសរុប ១៨៧,២៤ គ.មក្រឡា និងកោះចំនួន១២
ថ្មប៉ប្រាស់ទឹកចំនួន១ មានមនុស្សសរុប៤២.២៣១នាក់ មានចំងាយ ១៧៥គ.ម ពីរាជធានីភ្នំពេញ៕

លោក ប៊ុន យោង ចូលរួមប្រជុំសន្និបាតបូកសរុប ប្រចាំរបស់កក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ នាថ្ងៃ ពុធ ទី០៩ ខែកុម្ភៈ ឆ្នាំ ២០២២

To Top